Covid-19

សារព័ត៌មានវៀតណាម៖ អ្នកទើបមក ពីកម្ពុជា២នាក់ មានផ្ទុក មេរោគកូវីដ១៩

បរទេស៖ ជនជាតិវៀតណាមពីរនាក់ដែល បានវិលត្រឡប់ចូលខេត្តតៃនិញ ពីប្រទេសកម្ពុជា បានបង្កើនចំនួនអ្នកឆ្លងវីរុសនេះនៅក្នុងប្រទេសវៀតណាម រហូតដល់ ១១៨ នាក់។ 

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ១១៧” ជាបុរសអាយុ ៣០ ឆ្នាំ ដែលរស់នៅក្នុងខេត្តឡុងអាន ជាប់ទីក្រុងហូជីមិញ។ គាត់បានធ្វើដំណើរទៅទីក្រុងភ្នំពេញប្រទេសកម្ពុជា នៅថ្ងៃទី ៩ ខែមីនាហើយចាប់ផ្តើមក្អកនិងមានដង្ហើមខ្លី ដែលជារោគសញ្ញាធម្មតានៃជំងឺ Covid-19 នៅថ្ងៃទី ១៦ ខែមីនា។

លោកបានវិលត្រឡប់ទៅប្រទេសវៀតណាម វិញនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ នៅខេត្ត តៃនិញ ជាខេត្តជាប់ទីក្រុង ហូជីមិញ នៅថ្ងៃទី ១៩ ខែមីនា និងត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យទូទៅតាយនិញ ដែលជាកន្លែងដែលគាត់ត្រូវបានគេធ្វើតេស្តិ៍វិជ្ជមាន។ កាំរស្មីអ៊ិចទ្រូងបង្ហាញថាសួតរបស់គាត់ត្រូវបានខូចខាតមួយផ្នែក។

“ អ្នកជំងឺទី ១១៨” ជាស្ត្រីអាយុ ២៣ ឆ្នាំដែលមានជំងឺរលាកទងសួតរ៉ាំរ៉ៃ។ ស្រ្តីរូបនេះគឺជាអ្នកស្រុកនៅក្នុងខេត្តអានយ៉ាង នៃដែនដីសណ្តរនៃទន្លេមេគង្គ ហើយធ្វើការនៅកាស៊ីណូមួយដែលមានឈ្មោះថា Galaxy នៅប្រទេសកម្ពុជា។

នាងក៏បានចូលប្រទេសវៀតណាមនៅច្រកទ្វារម៉ុកបៃ នៅថ្ងៃទី ១៩ ខែមីនា។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅតាយនិញ និងបានដាក់ឱ្យនៅដាច់ដោយឡែកពីគេបន្ទាប់ពីនាងត្រូវបានគេរកឃើញថាកំពុងក្តៅខ្លួន ក្អក និងមានអារម្មណ៍ពិបាកដកដង្ហើម។ រូបភាពកាំរស្មីអ៊ិចក៏បង្ហាញពីការខូចខាតនៅផ្នែកមួយនៃសួតរបស់នាងដែរ៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top