Covid-19

ប្រទេសហ្វីលីពីន ប្រកាសរដ្ឋគ្រា មានអាសន្ន ខណៈដែលករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងដល់ ៦៣៦នាក់

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានប្រកាសច្បាប់រដ្ឋក្នុងគ្រាមាន អាសន្នក្នុងប្រទេសហ្វីលីពីនទាំងមូល ដោយសារចំនួនករណីឆ្លងវីរុសកូវីដ ១៩ នៅក្នុងប្រទេសនេះបានកើនឡើងដល់ ៦៣៦ ករណី និងស្លាប់ ៣៨នាក់។ នេះបើយោងតាមច្បាប់ថ្មីដែល ចេញផ្សាយនៅថ្ងៃពុធ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ច្បាប់ដែលលោក ឌូទ័រតេ បានចុះហត្ថលេខានៅយប់ថ្ងៃអង្គារ គឺបានផ្តល់អំណាចដល់ប្រធានាធិបតីឱ្យទាញយកធនធានរបស់រដ្ឋដែលមានទាំងអស់ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស ។

លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ករណីថ្មីចំនួន ៨៤ ករណី ត្រូវបានកើនឡើងនៅម៉ោង ៤ រសៀល។ លោកស្រីបាននិយាយផងដែរថា មនុស្ស ៣៨ នាក់បានស្លាប់ ដោយសារជំងឺឆ្លងខ្លាំងក្លានេះ ខណៈ ២៦ នាក់បានជាសះស្បើយឡើងវិញ។

ក្នុងចំណោមច្បាប់ដទៃទៀត ច្បាប់បានអនុញ្ញាតឱ្យលោកប្រធានាធិបតីពន្លឿននិងពង្រីកការទទួលស្គាល់ឧបករណ៍ធ្វើតេស្ត និងសម្រួលដល់ការធ្វើតេស្តរកមេរោគក្នុងករណីសង្ស័យភ្លាមៗ និងផ្តល់ប្រាក់ឧបត្ថម្ភបន្ទាន់ដល់គ្រួសារដែលមានប្រាក់ចំណូលទាប ១៨ លាននាក់នៅក្នុងប្រទេស៕ប្រែសម្រួលៈ ណៃ តុលា

To Top