Covid-19

អ្នកជំនាញ ផ្នែកវេជ្ជសាស្រ្តថៃ៖ ប្រទេសថៃ អាចមានករណីឆ្លងវីរុស Covid-19 ថ្មី ចំនួន ២.០០០ ករណី ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ

បរទេស៖ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានព្យាករណ៍ថា ប្រទេសថៃអាចមានករណីឆ្លងវីរុស Covid-19 ថ្មី ចំនួន ២.០០០ ករណីក្នុងរយៈពេល ពីរឬបីសប្តាហ៍ខាងមុខនេះ ដែលបណ្តាលមកពី ប្រជាជនបានភៀសខ្លួន ចេញពីទីក្រុងបាងកក ទៅកាន់ខេត្តកំណើតរបស់ពួកគេ បន្ទាប់ពីមានការបិទ ប្រទេសមួយផ្នែក និងការអំពាវនាវ ឱ្យចេញក្រឹត្យ ដាក់ប្រទេស ក្នុងគ្រាអាសន្ន។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Prasit Watanapa ព្រឹទ្ធបុរស នៅមហាវិទ្យាល័យ វេជ្ជសាស្ត្រនៅមន្ទីរពេទ្យ សិរីរាជ្យ បាននិយាយកាលពីថ្ងៃសុក្រថា ការឆ្លងថ្មីអាចនឹងកើនឡើង ក្នុងរយៈពេល ២ សប្តាហ៍ទៀត ដោយសារតែការចាកចេញ។

លោកបន្តថា ទោះបីពាក់ម៉ាសបាំងមុខក៏ដោយ ក៏ពួកគេនៅតែប្រឈម នឹងហានិភ័យ នៃការរីករាលដាលមេរោគ និងឆ្លងមេរោគ នៅពេលពួកគេធ្វើដំណើរទៅកាន់ចំណតរថយន្តក្រុង ហើយជិះឡានក្រុងដែលមានគ្នាច្រើន អស់រយៈពេលជាច្រើនម៉ោង។

លោកបន្ថែមថា “នៅពេលនោះ ប្រទេសថៃប្រហែលជាមិនមានបុគ្គលិកពេទ្យគ្រប់គ្រាន់ទេ។ បច្ចុប្បន្ននេះសមាមាត្រ នៅទីក្រុងបាងកក គឺវេជ្ជបណ្ឌិតម្នាក់ គឺមើលអ្នកជំងឺ ៨០០ នាក់ ប៉ុន្តែនៅតាម បណ្តាខេត្តផ្សេងទៀត ជាពិសេសនៅភាគ ឦសាន គឺវេជ្ជបណ្ឌិតម្នាក់ នឹងត្រូវមើលថែ អ្នកជំងឺរហូតដល់ ៣.០០០ នាក់»។

លោកវេជ្ជបណ្ឌិត Prasit បានលើកឡើងទៀតថា « ការខ្វះខាតការផ្គត់ផ្គង់វេជ្ជសាស្រ្ត បន្ទាប់មកអត្រា នៃការស្លាប់និងចំនួនអ្នកជំងឺ អាចកើនឡើងយ៉ាងខ្លាំង” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top