ព័ត៌មានអន្តរជាតិ

ឥណ្ឌាត្រូវការម៉ាស់ តិចបំផុត៣៨លាន ដើម្បីប្រយុទ្ធប្រឆាំង នឹងកូរ៉ូណាវីរុស

បរទេស៖ យោងតាមរបាយការណ៍មួយ ចេញដោយទីភ្នាក់ងារ វិនិយោគនៃប្រទេសឥណ្ឌា បានឲ្យដឹងថា ប្រទេសឥណ្ឌាត្រូវការម៉ាស់ តិចបំផុត៣៨លានម៉ាស់ និងគ្រឿងបរិក្ខារ ការពារផ្ទាល់ចំនួន៦,២លាន ស្របពេលដែលប្រទេសនេះ ប្រឈមមុខនឹង ការរីករាលដាល នៃកូរ៉ូណាវីរុស និងបានចូលទៅរកក្រុមហ៊ុនរាប់រយ ដើម្បីធានាការផ្គត់ផ្គង់ បានរហ័ស។

នៅក្នុងឯកសារផ្ទៃក្នុង ៤ទំព័រ ចេញនៅថ្ងៃទី២៧ ខែមីនា ទីភ្នាក់ងារវិនិយោគឥណ្ឌា បានផ្តល់សេចក្តីលម្អិតស្តីពីកិច្ចខិតខំប្រឹងប្រែង ស្វែងរកក្រុមហ៊ុន ដែលអាចផ្គត់ផ្គង់ គ្រឿងផ្គត់ផ្គង់សំខាន់ៗ ហើយទីភ្នាក់ងារ វិនិយោគឥណ្ឌា បាននិយាយថា ខ្លួនបានធ្វើការទាក់ទងក្រុមហ៊ុនចំនួន៧៣០ក្រុមហ៊ុន សម្រាប់ឧបករណ៍ បក់បញ្ចូលខ្យល់ ម៉ូនីទ័រ ICU គ្រឿងបរិក្ខារការពារ ម៉ាស់ និងឧបករណ៍តេស្ត។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា ដែលមានករណីឆ្លងកូរ៉ូណាវីរុស ចំនួន៨៧៣ករណី និងស្លាប់១៩នាក់ បានចាត់វិធានការដ៏ខ្លាំងក្លា នៅក្នុងសប្ដាហ៍នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល់នៃជម្ងឺថ្មី ដោយសារអាជ្ញាធរមានក្តីព្រួយបារម្ភថា ប្រព័ន្ធសុខាភិបាល អាចនឹងទប់ទល់មិនរួច ប្រសិនបើកូរ៉ូណាវីរុស រីករាលដាលខ្លាំង នៅក្នុងប្រទេស៕

ប្រែសម្រួល៖ប៉ាង កុង

To Top