Covid-19

ក្រសួងសុខាភិបាល ហ្វីលីពីនថា ឧបករណ៍ធ្វើតេស្ត រកមេរោគរបស់ចិន មានគុណភាពល្អ និងបានសុំទោស ចំពោះការលើកឡើងពីមុនថា ឧបករណ៍របស់ចិននេះ ភាពត្រឹមត្រូវតែ ៤០ភាគរយ

ម៉ានីល ៖ ប្រមុខសុខាភិបាលហ្វីលីពីន បាននិយាយនៅថ្ងៃអាទិត្យថា ឧបករណ៍ធ្វើតេស្តិ៍រកវីរុសកូវីដ- ១៩ ដែលត្រូវបានផ្តល់ ដោយ រដ្ឋាភិបាលចិន មកកាន់ប្រទេសហ្វីលីពីន គឺមានគុណភាពល្អណាស់ ហើយស្របតាមស្តង់ដារ ដែលត្រូវបានផ្តល់ ដោយអង្គការ សុខភាពពិភពលោក (WHO) ផងដែរ ហើយក៏បានសុំទោស ចំពោះការដែលលើកឡើង ពីមុនមកថា ឧបករណ៍ធ្វើតេស្តមួយចំនួន ដែលទទួលបានពីប្រទេសចិននេះ មានភាពត្រឹមត្រូវត្រឹមតែ ៤០ ភាគរយប៉ុណ្ណោះ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីសុខាភិបាលហ្វីលីពីន លោក Francisco Duque បាននិយាយនៅក្នុងសារមួយផ្ញើទៅកាន់ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីន លោក Huang Xilian ថា មិនមានអ្វីខុសទេ ចំពោះឧបករណ៍ធ្វើតេស្ត រកវីរុសប្រភេទ PCR ដែលផលិតដោយក្រុមហ៊ុនចិន BGI ចំនួន ២.០០០ ដុំ និងឧបករណ៍ធ្វើតេស្តប្រភេទ PCR ផលិតដោយក្រុមហ៊ុន Sansure ចំនួន ១០០,០០០ ប្រអប់ ដែលបរិច្ចាគ ដោយរដ្ឋាភិបាលចិន។

លោក Duque បាននិយាយនៅក្នុងសារនោះ ដោយបង្ហាញការរីករាយ និងដឹងគុណ ដល់រដ្ឋាភិបាលចិនចំពោះជំនួយរបស់ខ្លួនថា “ ឧបករណ៍តេស្តរបស់ BGI និង SANSURE BIOTECHNOLOGY គឺល្អណាស់ហើយត្រូវ តាមស្តង់ដារដែលត្រូវបានបរិច្ចាគ ដោយអង្គការសុខភាពពិភពលោក និងអនុម័តដោយ RITM (វិទ្យាស្ថានស្រាវជ្រាវ វេជ្ជសាស្ត្រត្រូពិក)” ។

ប្រទេសចិនបានបរិច្ចាគ ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន ២០០០ និង ១០០,០០០ ប្រអប់ សម្រាប់ប្រទេសហ្វីលីពីន ជាពីរក្រុមរួចមកហើយ គឺនៅថ្ងៃទី ១៦ និង ២១ ខែមីនា ដើម្បីជួយប្រទេសនេះទប់ស្កាត់ការ រីករាលដាលនៃវីរុសកូវីដ១៩ ។

កាលពីថ្ងៃសៅរ៍មន្រ្តីម្នាក់ មកពីក្រសួងសុខាភិបាល ហ្វីលីពីនបាននិយាយថា ឧបករណ៍ធ្វើតេស្តមួយចំនួន ដែលទទួលបានពីប្រទេសចិន មានភាពត្រឹមត្រូវត្រឹមតែ ៤០ ភាគរយប៉ុណ្ណោះ។ ក្រោយមក ក្រសួងសុខាភិបាល បាននិយាយនៅ ក្នុងសេចក្តីប្រកាសមួយ នៅថ្ងៃអាទិត្យថា ឧបករណ៍ធ្វើតេស្តិ៍ ដែលផ្តល់ដោយរដ្ឋាភិបាលចិន គឺមានលក្ខណៈសមស្រប នឹងឧបករណ៍ដែលផ្តល់ដោយអង្គការ សុខភាពពិភពលោក (WHO) ។

ស្ថាប័នសុខភាពក៏បានបញ្ជាក់បន្ថែមទៀតថា ឧបករណ៍ធ្វើតេស្តដែលបានលើកឡើង ដោយមន្រ្តីសុខាភិបាល ចំពោះឧបករណ៍ ធ្វើតេស្តរកវីរុស បានសំដៅទៅលើម៉ាក នៃឧបករណ៍តេស្តិ៍មួយផ្សេងទៀត ដែលបរិច្ចាគដោយមូល និធិឯកជន ហើយខ្លួនក៏បានសុំអភ័យទោស ចំពោះការភ័ន្ទច្រឡំ ដែលបានប្រកាសពីមុនមកផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top