Covid-19

កាពីទែននាវា ដឹកយន្តហោះអាមេរិក អំពាវនាវរកជំនួយបន្ទាន់ ក្រោយពីក្រុមនាវិក លើនាវាឆ្លងវីរុសកូរ៉ូណា

បរទេស៖ កាពីទែនក្រុមនាវា ដឹកយន្តហោះអាមេរិក មួយគ្រឿងដែលដឹកនាវិកជាង ៤.០០០ នាក់ បានអំពាវនាវរកជំនួយជាបន្ទាន់ដើម្បីបញ្ឈប់ការផ្ទុះឡើង នៃមេរោគវីរុសកូរ៉ូណា នៅលើនាវារបស់លោក ក្នុងពេលដែលមនុស្សជាច្រើន នៅលើនាវាដែលមានឈ្មោះ Theodore Roosevelt (ហ្ស៊ីដ័រ រ៉ូស៊ីវេល) បានធ្វើតេស្ត៍វិជ្ជមានចំពោះការឆ្លងវីរុស។ នាវានេះបច្ចុប្បន្នចូលចតនៅកោះហ្គាំ និងក្នុងពេលដែលអាមេរិក មានតួលេខអ្នកស្លាប់ ដោយសារវីរុសនេះ មានយ៉ាងហោចណាស់ ៤.០៧៦នាក់។ 

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា កាពីទែនក្រុម Brett Crozier បានសរសេរនៅក្នុងលិខិត ផ្ញើទៅកាន់មន្ទីរបញ្ចកោណថា “យើងមិនធ្វើសង្គ្រាមទេ ដូច្នេះអ្នកបើកបរនាវា មិនចាំបាច់ត្រូវស្លាប់នោះទេ” ។

ប្រធានក្រុម Crozier បានផ្តល់អនុសាសន៍ឱ្យផ្តាច់ខ្លួនស្ទើរតែនាវិកនៅលើនាវាទាំងមូលផងដែរ។ នៅក្នុងលិខិតដែលប្រធានក្រុមបាននិយាយថា ជាមួយនឹងនាវិកមួយចំនួនធំ ដែលរស់នៅក្នុងកន្លែងដែលបានកំណត់នៅលើនាវា ដែលមានផ្ទុកនូវបុគ្គលដែលឈឺ គឺមិនអាចទៅរួចទេ។

វាមិនច្បាស់ទេថាតើនាវិកប៉ុន្មាននាក់ នៅលើនាវាដឹកយន្តហោះ Theodore Roosevelt មានជំងឺ កូវីដ ១៩ នៅឡើយទេ ប៉ុន្តែបើតាមសេចក្តីរាយការណ៍បឋមគឺមាន មានយ៉ាងហោចណាស់នាវិក ១០០ នាក់បានឆ្លងវីរុស។

សូមជម្រាបថា កាលពីថ្ងៃអង្គារចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងវីរុសកូវីដ១៩ នៅអាមេរិក គឺមានច្រើនជាងនៅប្រទេសចិន ដែលជាដែនដីនៃការផ្ទុះឡើងបានចាប់ផ្តើម ដោយនៅអាមេរិកគឺមានយ៉ាងហោចណាស់ ៣.៤០០នាក់បានស្លាប់ និងមានចំនួនករណីអ្នកឆ្លងដែលបានកត់ត្រាមានចំនួនជាង ១៧៥.០០០នាក់ ច្រើនជាងប្រទេសដទៃទៀត។ នេះបើតាមការចងក្រងទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins៕

ប្រែសម្រួលៈ ណៃ តុលា

To Top