Covid-19

កូរ៉េខាងជើងអះអាងថា ប្រទេសខ្លួន គ្មានការឆ្លងវីរុស កូវីដ១៩ឡើយ ទោះបីក្នុងពិភពលោក មានអ្នកឆ្លងដល់ ១លាននាក់ក៏ដោយ

បរទេស ៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅទីក្រុងព្យុងយ៉ាងបានទទូចថា ប្រទេសកូរ៉េខាងជើង នៅតែមិនមានការឆ្លង មេរោគកូវីដ១៩ នោះឡើយ បើទោះបីជាមានការ មន្ទិលសង្ស័យ នៅក្រៅប្រទេស ដោយសារករណីឆ្លង នៃវីរុសនេះ ដល់មួយលាននាក់ នៅទូទាំងពិភពលោកក៏ដោយ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ និងជាប្រទេសដែលឯកោរនោះ បានបិទព្រំដែនរបស់ខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ពីវីរុសត្រូវបានរកឃើញដំបូង នៅប្រទេសជិតខាង គឺប្រទេសចិនកាលពីខែមករា ហើយកូរ៉េខាងជើង ក៏បានដាក់វិធានការ ទប់ស្កាត់យ៉ាងតឹងរ៉ឹងផងដែរ។

លោក Pak Myong Su ប្រធាននាយកដ្ឋានប្រយុទ្ធ នឹងជំងឺរាតត្បាត នៃទីស្នាក់ការកណ្តាលប្រឆាំង នឹងការរាតត្បាតបន្ទាន់ នៃភាគខាងជើងបានទទូចថា កិច្ចខិតខំប្រឹងប្រែងនេះ បានទទួលជោគជ័យទាំងស្រុង ។

លោក Pak បានប្រាប់សារព័ត៌មាន AFP ថា៖ «មិនមានមនុស្សណាម្នាក់បានឆ្លង វីរុសវីរុសនេះនៅក្នុងប្រទេស របស់យើងទេ រហូតមកដល់ពេលនេះ ។ យើងបានអនុវត្តនូវវិធានការ ប្រុងប្រយ័ត្នជាមុន និងវិទ្យាសាស្ត្រ ដូចជាការធ្វើអធិការកិច្ច និងការដាក់ឱ្យនៅដាច់ដោយឡែក សម្រាប់បុគ្គលទាំងអស់ ដែលចូលមកក្នុងប្រទេសរបស់យើង និងការសម្លាប់មេរោគរាល់ទំនិញ ទាំងអស់ក៏ដូចជាការបិទព្រំដែន និងបិទផ្លូវសមុទ្រនិងផ្លូវអាកាសផងដែរ។

ស្ទើរតែគ្រប់ប្រទេសផ្សេងទៀត បានរាយការណ៍ពីករណីឆ្លងវីរុសនេះ ។ ក្រៅពីនេះ ប្រទេសចិន និងប្រទេស កូរ៉េខាងត្បូង បានស៊ូទ្រាំនឹងការផ្ទុះឡើងនៃមេរោគ ដ៏អាក្រក់បំផុតមួយ។ ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសកូរ៉េខាងជើងងាយ នឹងឆ្លងវីរុសនេះដោយសារតែប្រព័ន្ធសុខាភិបាលខ្សោយ ហើយក្រុមរត់ចោលជួរ បានចោទប្រកាន់ ទីក្រុងព្យុងយ៉ាងថា បានបិទបាំងពីការផ្ទុះឡើងរបស់វីរុស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top