Covid-19

បុរសម្នាក់ជាប់គុក៦ខែ ក្រោយពីក្អកដាក់ប៉ូលីស ហើយអះអាងថា គាត់មានផ្ទុកវីរុសកូវីដ១៩

បរទេស៖ ប៉ូលីសក្រុងឡុងដ៍ របស់អង់គ្លេសបាននិយាយថានេះ គឺជាករណីដែលគេជួបដំបូង នៃការកាត់ទោស ដែលត្រូវបានផ្តល់ឱ្យសម្រាប់“ ឧប្បត្តិហេតុទាក់ទងនឹងវីរុសកូវីដ១៩ ដែលពាក់ព័ន្ធនឹងប៉ូលីស” ។ ប្រធានស្នងការលោកស្រី Helen Harper បាននិយាយថា លោកស្រីសង្ឃឹមថាការកាត់ទោស ដាក់ពន្ធនាគារនេះ គឺបានផ្ញើសារថា អាកប្បកិរិយា ដែលមិនអាចទទួលយកបាន “នឹងមិនត្រូវបានគេអត់ឱនឱ្យនោះទេ” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Adam Lewis អាយុ ៥៥ ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែពីបទរំលោភបំពាន ដែលការកាត់ទោសធ្វើឡើង នៅឯតុលាការ Westminster Magistrates បន្ទាប់ពីគាត់មានចេតនាក្អកដាក់មន្រ្តីប៉ូលីស ហើយអះអាងថា គាត់មានវីរុសកូវីដ១៩។

ប៉ូលីសបាននិយាយថា ប៉ូលីសម្នាក់ បានឃើញ សកម្មភាពរបស់លោក Lewis និងសកម្មភាពនេះ ត្រូវបានសាធារណជន ចាប់អារម្មណ៍ផងដែរ ដែលបានអះអាងថាបានឃើញគាត់ព្យាយាមបើកទ្វារឡានផ្សេងៗនៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ ។

នៅពេលនោះ ប៉ូលីស Constable ដែលកំពុងល្បាតនាពេលនោះ បានទៅជិត Lewis ហើយប៉ុនប៉ងឃាត់ខ្លួនគាត់ ដើម្បីធ្វើការស្រាវជ្រាវ ។ ក្រោយមក Lewis បានស្រែកថា “ ខ្ញុំមានវីរុសកូវីដ ហើយខ្ញុំនឹងក្អក នៅមុខអ្នកហើយអ្នកនឹងឆ្លងវីរុសនេះ” ហើយក្រោយមកក៏ក្អកភ្លាមតែម្តង ៕
ប្រែសម្រួលៈ ណៃ តុលា

To Top