Covid-19

អ៊ីរ៉ង់ព្រមាន ពីការកើនឡើង ករណីឆ្លង វីរុសកូរ៉ូណា ក្រោយមនុស្សជាច្រើន ព្រងើយកន្តើយ នឹងច្បាប់ “ឲ្យស្នាក់នៅក្នុងផ្ទះ”

បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់អ៊ីរ៉ង់មួយរូប បាននិយាយថា តំបន់នៅទីក្រុងតេអេរ៉ង់ កាន់តែធំឡើង អាចនឹងប្រឈម នឹងការផ្ទះឆ្លងវីរុសកូរ៉ូណា ក្រោយពលរដ្ឋជាច្រើន បានបំពានសេចក្តីណែនាំ ឲ្យស្នាក់នៅក្នុងផ្ទះ ធ្វើឲ្យតាមដងផ្លូវ មានមនុស្សកកកុញ និងបង្កការកកស្ទះចរាចរណ៍ នៅទូទាំងទីក្រុង ក្នុងពេលឈប់សម្រាកចូលឆ្នាំថ្មី របស់ប្រទេសនេះ បានចប់នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

អនុរដ្ឋមន្ត្រីសុខាភិបាល នៃប្រទេសអ៊ីរ៉ង់ លោក Iraj Harirchi បានមានប្រសាសន៍ ផ្សាយផ្ទាល់លើកញ្ចក់ ទូរទស្សន៍រដ្ឋ យ៉ាងដូច្នេះថា “យើងនៅតែមានក្តីព្រួយបារម្ភ អំពីវីរុស ជាឧទាហរណ៍ គឺកម្រិតចរាចរណ៍ ក្នុងទីក្រុងតេអេរ៉ង់ នៅក្នុងថ្ងៃនេះ និងរថយន្តតម្រង់ជួរគ្នា កកជាប់នៅតាមដងផ្លូវ ព្រោះតែមនុស្សទាំងនេះ អាចនឹងនាំយក វីរុសត្រឡប់ទៅផ្ទះ ឬក៏កន្លែងធ្វើការងារវិញ”។

គួរបញ្ជាក់ថា អ៊ីរ៉ង់ ជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយ ដែលរងការវាយប្រហារខ្លាំងក្លា ពីវីរុសកូវីដ១៩ បាននិយាយប្រាប់ នៅពេលព្រឹកថ្ងៃសៅរ៍ថា អ្នកជម្ងឺឆ្លងវីរុសកូរ៉ូណា ១៥៨នាក់ បន្ថែមទៀត បានស្លាប់បាត់បង់ជីវិត ក្នុងពេល២៤ម៉ោង កន្លងទៅ ធ្វើឲ្យចំនួនអ្នកស្លាប់ សរុបកើនដល់ ៣.៤៥២នាក់ ហើយចំនួនឆ្លងសរុប កើនដល់៥៥.៧៤៣៕
ប្រែសម្រួល៖ប៉ាង កុង

To Top