ព័ត៌មានអន្តរជាតិ

ថៃ ព្យាបាល អ្នកជំងឺកូវីដ១៩ ជាសះស្បើយ ចំនួន ២.៤៩០នាក់

បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្រ បានរាយការណ៍ពីករណីថ្មី នៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬកូវីដ១៩ ចំនួន ១៥ ករណី ដែលបង្កើន ចំនួនឆ្លងទូទាំងប្រទេសដល់ ២.៨៥៤ នាក់, មិនមានអ្នកស្លាប់ថ្មីទេ ប៉ុន្តែថៃ ក៏បានព្យាបាល អ្នកជំងឺកូវីដជាសះស្បើយ បានចំនួន ២.៤៩០នាក់ផងដែរ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ចំនួនករណីឆ្លងថ្មី ធ្លាក់ចុះទាបក្នុងមួយថ្ងៃៗ។

ករណីថ្មីចំនួន ១៥ ដែលបានរកឃើញ រួមមានមនុស្ស ៩ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុន ៗ, ៤ នាក់ទៀតនៅទីក្រុងបាងកក និងម្នាក់ នៅភូកេត និងម្នាក់ទៀតនៅខេត្តសុងក្លា។

ក្នុងចំណោមករណីឆ្លងសរុប ចំនួន ២.៨៥៤ ករណី ដែលប្រមូល បាននៅក្នុងខេត្តចំនួន ៦៨ខេត្ត ក្នុងនោះ មានអ្នកជំងឺ, ២.៤៩០នាក់ បានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ ហើយករណី ៦០ នៃការជាសះស្បើយត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោង។ វេជ្ជបណ្ឌិត Taweesilp បាននិយាយថា “មានតែអ្នកជំងឺ ៣១៤ នាក់ប៉ុណ្ណោះដែលនៅមន្ទីរពេទ្យ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×