ព័ត៌មានអន្តរជាតិ

ទោះបីមេដឹកនាំ កូរ៉េខាងជើងត្រូវប្តូរ ក៏អាមេរិក នៅតែរក្សាគោលការណ៍ ជំរុញការរំសាយ អាវុធនុយក្លេអ៊ែរ ក្នុងប្រទេសនេះដដែល

តូក្យូ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធថា លោកមិនមានព័ត៌មាន អំពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន នោះទេ ប៉ុន្តែថា សហរដ្ឋអាមេរិក នឹងជំរុញឱ្យមានការរំសាយ អាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង ដដែល ដោយមិនគិតពីការផ្លាស់ប្តូរ មេដឹកនាំ នៅក្នុងប្រទេសនេះឡើយ។

យោងតាមសារព័ត៌មាន Kyodo ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកគីមបានឃ្លាតឆ្ងាយ ពីក្រសែភ្នែកសាធារណជន អស់រយៈពេលប្រហែលពីរសប្តាហ៍ ដែលជំរុញឱ្យមាន ការសង្ស័យអំពី ស្ថានភាពសុខភាពរបស់លោក និងការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីអ្វីដែលនឹងកើតឡើង ជាមួយប្រទេសដែល មានអាវុធនុយក្លេអ៊ែរ មួយនេះ ក្នុងករណីនៃមរណភាពភ្លាមៗ នៃមេដឹកនាំតំណពូជ ជំនាន់ទីបី។

លោក Pompeo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅឯក្រសួងការបរទេសថា “ខ្ញុំមិនមានអ្វីដែលត្រូវបន្ថែម ទៅលើស្ថានភាព របស់លោកប្រធានគីមទេ” ។

ប៉ុន្តែការកត់សម្គាល់ថា លោកបានជួបជាមួយប្អូនស្រី របស់លោក គីម ជុងអ៊ុន គឺលោកស្រី គីមយូជុង ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ថា ជាអ្នកស្នងតំណែងបន្ត នៅពេលលោកធ្វើដំណើរកន្លងមក។ លោក Pompeo បាននិយាយថា “ បេសកកម្មរបស់យើង គឺដូចគ្នាដោយមិនគិតពីអ្វី ដែលបានកើតឡើង នៅក្នុងប្រទេសកូរ៉េខាងជើង ដោយគោរពតាមការដឹកនាំ របស់ពួកគេ ហើយនោះគឺជាការរំសាយ អាវុធនុយក្លេអ៊ែរ ដែលបានផ្ទៀងផ្ទាត់ ពេញលេញរបស់ កូរ៉េខាងជើង។

នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Fox News នៅថ្ងៃដដែលនោះលោក Pompeo បាននិយាយថា សហរដ្ឋអាមេរិក កំពុងឃ្លាំមើលយ៉ាងដិតដល់ នូវអ្វីដែលកំពុងកើតឡើង នៅប្រទេសកូរ៉េខាងជើង មិនត្រឹមតែទាក់ទង នឹងមេដឹកនាំប្រទេសនេះ នោះទេ ប៉ុន្តែក៏ទាក់ទងនឹងបញ្ហា ដូចជាមេរោគថ្មី និងលទ្ធភាព នៃការឆ្លងមេរោគផងដែរ៕

ប្រែសម្រួលៈ កុលាប ក្រហម

To Top
×