ដាម៉ាស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៤ ខែឧសភា បានឲ្យដឹងថាក្បួនរថយន្តយោធា តួកគី ដែលត្រូវបានគេមើលឃើញថា មានចំនួនប្រមាណជា ៣០គ្រឿង បានធ្វើដំណើរចូលទៅដល់ ខេត្តអ៊ីដលីប ភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។
ក្រុមឃ្លាំមើលសិទ្ធមនុស្ស នៅក្នុងប្រទេសស៊ីរី បានបញ្ជាក់ដែរថា មួយរយៈនេះ តួកគីបានបង្កើនចំនួនយោធា របស់ខ្លួនយ៉ាងខ្លាំង នៅក្នុងទីក្រុងនេះ ខណៈដែលក្រុមអ្នកឃ្លាំមើល ដែលមានមូលដ្ឋាន នៅអង់គ្លេស បានរកឃើញថា យោធាប្រមាណជា២៩៨០នាក់ ត្រូវបានបញ្ជូនទៅដល់ទីក្រុងនេះ តាំងតែពីថ្ងៃទី៥ ខែមិនា ស្របពេលដែលរុស្សីនិងតួកគី ទើបតែបានប្រកាស បទឈប់បាញ់នៅក្នុងទីក្រុង Idlib រួចមកហើយក្តី។
គួរឲ្យដឹងដែរថារដ្ឋាភិបាលស៊ីរី បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានការដកកម្លាំង បរទេស ដែលធ្វើដំណើរចូលទឹកដី ស៊ីរី ដោយគ្មានការយល់ព្រម ពីរដ្ឋាភិបាលស៊ីរី ដូចជាប្រទេសតួកគី និងកងកម្លាំង នៃសហរដ្ឋអាមេរិកផង៕
ប្រែសម្រួលៈស៊ុនលី

