ព័ត៌មានអន្តរជាតិ

ក្រុងសេអ៊ូល បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ របស់ក្លឹប បារ និងអាជីវកម្មកំសាន្តទាំងអស់ ក្រោយរកឃើញ ការឆ្លងកូវីដ១៩ ជាចង្កោម

សេអ៊ូល៖ រដ្ឋាភិបាលទីក្រុង នៃទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យ កន្លែងកំសាន្តទាំងអស់ មានដូចជាក្លឹប និងរង្គសាល បញ្ឈប់អាជីវកម្មជាបន្ទាន់ ព្រោះការឆ្លងជាចង្កោម របស់ជំងឺកូវីដ១៩ ត្រូវបានគេរកឃើញ នៅក្នុងសង្កាត់ Itaewon ដែលមានមនុស្សរស់នៅច្រើន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកអភិបាលក្រុងសេអ៊ូល Park Won-soon បានប្រាប់នៅសន្និសីទសារព័ត៌មានភ្លាមៗថា បទបញ្ជារដ្ឋបាលមួយ ត្រូវបានចេញជាបន្ទាន់ ដើម្បីហាមឃាត់កន្លែង កម្សាន្តទាំងអស់ ដូចជាក្លឹប បារ មិនឱ្យទទួលភ្ញៀវ។

លោក Park Won-soon បាននិយាយថា អគារអាជីវកម្មដែលពាក់ព័ន្ធ ត្រូវតែបញ្ឈប់ អាជីវកម្មជាបន្ទាន់ ហើយនឹងប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរឹង ប្រសិនបើបទបញ្ជា ហាមឃាត់នេះត្រូវបានរំលោភបំពាន ។ បទបញ្ជានេះនឹងនៅតែមានប្រសិទ្ធភាព រហូតដល់មានការជូនដំណឹង បន្ថែមចេញមក។

បទបញ្ជានេះបានកើតឡើង បន្ទាប់ពីការឆ្លងមេរោគជាចង្កោម ត្រូវបានរកឃើញពីអ្នកជំងឺ ដែលបានទៅលេង ក្លឹបនិងបារ នៅ Itaewon ក្នុងទីក្រុងសេអ៊ូល កាលពីចុងសប្តាហ៍មុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×