ព័ត៌មានអន្តរជាតិ

CAAT ថៃបញ្ជាក់ថា នឹងគ្មានជើងហោះហើរ អន្តរជាតិឡើយ នៅមុនខែកក្កដា

បរទេស៖ អាជ្ញាធរអាកាសចរណ៍ ស៊ីវិលថៃ (CAAT) កាលពីម្សិលមិញ បានប្រកាសថា ខ្លួននឹងបន្តការហាមឃាត់ការហោះហើរ ពាណិជ្ជកម្មអន្តរជាតិ ចូលមកក្នុងព្រះរាជាណាចក្រមួយនេះ រហូតដល់ចុងខែក្រោយ ដើម្បីបន្តការប្រយុទ្ធប្រឆាំង នឹងងមេរោគ Covid-19 ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Chula Sukmanop អគ្គនាយក CAAT បាននិយាយថា ការហាមឃាត់នេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី ២៧ ខែមេសា ចំពេលមានការផ្ទុះឡើង នៃ Covid-19 តាមរយៈបទបញ្ជា ដែលត្រូវផុតកំណត់នៅខែនេះ។

លោកបានបន្តថា ការពន្យារពេលការហាមឃាត់នេះ នឹងផ្តល់ពេលវេលា ដល់អាជ្ញាធរបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ។

អគ្គនាយក CAATរូបនេះ បន្ថែមថា ការហាមឃាត់នេះ មិនរាប់បញ្ចូលជាដាច់ខាត នូវការហោះហើរជាក់លាក់ ដែលនៅតែត្រូវបាន អនុញ្ញាតឱ្យចុះចត ដូចជា យន្តហោះដែលពាក់ព័ន្ធនឹងរដ្ឋ ឬ យន្តហោះយោធា ជំនួយមនុស្សធម៌ Covid-19 ថ្នាំពេទ្យ ការចុះចតបន្ទាន់ និងការធ្វើមាតុភូមិនិវត្តន៍ របស់ជនជាតិថៃពីបរទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top