ព័ត៌មានអន្តរជាតិ

មរណភាព របស់ជនជាតិ ស្បែកខ្មៅ George Floyd នាំឱ្យទីក្រុងជាច្រើន របស់អាមេរិក ធ្លាក់ចូល ភាពចលាចល

បរទេស៖ ការតវ៉ាប្រឆាំង នឹងមរណភាព របស់បុរសជនជាតិស្បែកខ្មៅ ឈ្មោះ George Floyd បានរាលដាលទូទាំង សហរដ្ឋអាមេរិក ហើយត្រូវបានគេរំពឹងថា ការតវ៉ានេះនឹងបន្តចូលថ្ងៃទី ៥ នៅរដ្ឋមីនីសូតា និងទូទាំងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថាហាងនានា ត្រូវបានគេចូលលួច ហើយស្ថានីយ៍ប្រេងឥន្ធនៈត្រូវបានដុតបំផ្លាញ នៅទីក្រុង Minneapolis ពេញមួយយប់ ខណៈដែលកុប្បកម្មបានបន្ត។

កាលពីដើមសប្តាហ៍នេះ ឆ្មាំជាតិត្រូវបានបញ្ជូនទៅតំបន់នោះ ដើម្បីគ្រប់គ្រងស្ថានការណ៍។

លោក Jacob Frey អភិបាលក្រុង បានប្រកាសបម្រាមគោចរ ក្នុងគោលបំណង រារាំងការកើនឡើង នៃអំពើហឹង្សានេះ។

អតីតមន្រ្តីប៉ូលីសក្រុង Minneapolis លោក Derek Chauvin ដែលត្រូវបានគេថតរូបភាព យកជង្គង់សង្កត់ក របស់លោក George Floyd រយៈពេលជាង ៧ នាទីក្នុងពេលចាប់ខ្លួននោះ គឺត្រូវបានគេចោទប្រកាន់ ពីបទឃាតកម្ម និងឃាតកម្មកម្រិតទី ៣ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top