ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី កាណាដា លុតជង្គង់គោរពវិញ្ញាណ George Floyd

បរទេស៖ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានលុតជង្គង់កាលពីថ្ងៃសុក្រ ក្នុងការបង្ហាញសាមគ្គីភាពជាមួយនឹងការជួបជុំដោយសន្តិវិធីក្នុងការគាំទ្រដល់ចលនា Black Lives Matter នៅសហរដ្ឋអាមេរិក និងជុំវិញការស្លាប់របស់ជនជាតិអាមេរិកាំង ដើមកំណើតអាហ្រ្វិកគឺលោក George Floyd ដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីសនៅទីក្រុង Minneapolis ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Trudeau បានចូលរួមជាមួយហ្វូងមនុស្សនៅសភា Parliament Hill ខណៈដែលការប្រមូលផ្តុំគ្នា គឺមានរយៈពេល ៨ នាទី និង ៤៦ វិនាទី ដើម្បីរក្សាភាពស្ងៀមស្ងាត់ ក្នុងការចងចាំទៅដល់ Floyd ។

ខ្សែវីដេអូនៃការចាប់ខ្លួនរបស់ George Floyd ដែលបានរាលដាលពាសពេញបណ្តាញសង្គម បានបង្ហាញពីមន្រ្តីប៉ូលីសស្បែកសម្នាក់ឈ្មោះ Derek Chauvin បានធ្វើឱ្យ Floyd ថប់ដង្ហើម ហើយបន្ទាប់មកបានសម្លាប់គាត់ដោយយកជង្គង់របស់គាត់សង្កត់ករបស់ Floyd អស់រយៈពេលជិត ៩ នាទី បន្ទាប់ពីគាត់ត្រូវបានឃាត់។

នៅក្នុងខ្សែវីដេអូ Floyd ត្រូវបានគេលឺយ៉ាងច្បាស់ដោយនិយាយថា គាត់មិនអាចដកដង្ហើមបានទេ។

នៅពេលដែលលោក Trudeau នាយករដ្ឋមន្រ្តីកាណាដា អមដោយកងសន្តិសុខ និងពាក់របាំងមុខ ចូលរួមជាមួយបាតុករនៅខាងក្រៅរដ្ឋសភាកាណាដា លោក បានទះដៃ និងងក់ក្បាលរួម ជាមួយប្រធានសភា និងអ្នកស្រែកដទៃទៀតនៅឯការជួបជុំនោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top