បរទេស៖ក្រសួងការពារជាតិរុស្ស៊ី នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា នៅថ្ងៃចន្ទម្សិលមិញនេះ ខ្លួនបានបញ្ជូនយន្តហោះចម្បាំង Su-27 មួយគ្រឿង ឲ្យទៅស្ទាក់ដំណើរយន្តហោះចារកម្មសហរដ្ឋអាមេរិកមួយគ្រឿង នៅខាងលើសមុទ្រខ្មៅ ដែលកំពុងតែហោះចូលមកជិតព្រំដែនរុស្ស៊ី។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយឲ្យដឹងថា យន្តហោះសហរដ្ឋអាមេរិក ត្រូវគេស្គាល់អត្តសញ្ញាណថា P-8 Poseidon នោះ បានផ្លាស់ប្តូរទិសដៅហោះហើរ ចាកចេញពីព្រំដែនរុស្ស៊ីវិញ។
គួរបញ្ជាក់ថា យន្តហោះចារកម្មអាមេរិក នោះ កំពុងតែធ្វើប្រតិបត្តិការក្នុងតួនាទីជាឧបករណ៍សង្គ្រាមប្រឆាំងនាវាមុជទឹក នាវាលើផ្ទៃទឹក និងទប់ស្កាត់ការដឹកជញ្ជូន ហើយវាមានប្រដាប់ដោយគ្រាប់បែកបុក មីស៊ីលបាញ់នាវា Harpoon និងអាវុធផ្សេងៗទៀត៕ ប្រែសម្រួល៖ប៉ាង កុង