លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា យោងតាមបញ្ជាការដ្ឋានប្រតិបត្តិការស្រុក Coimbra បានឲ្យដឹងថា រថភ្លើងល្បឿនលឿនមួយខ្សែដែលមានអ្នកដំណើរ២១២នាក់ បានចាកចេញពីក្រុងលីសប៊ុន ឆ្ពោះទៅកាន់ក្រុង Braga ភាគខាងជើងប្រទេសព័រទុយហ្គាល់ បានបុកទង្គិចគ្នាជាមួយរថភ្លើងថែទាំមួយខ្សែដែរ កាលពីថ្ងៃសុក្រ នៅជិតស្រុក Coimbra នៅតំបន់ភាគកណ្តាលនៃប្រទេសព័រទុយហ្គាល់ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៥០នាក់ទៀតបានរងរបួស ។
សាកសព២នាក់ ដែលជាជនរងគ្រោះនៅកន្លែងកើតហេតុ គឺជាកម្មកររបស់ក្រុមហ៊ុនបណ្តាញអាយស្ម័យយានជាតិ ដែលមិនមែនជាអ្នកដំណើរនៅលើរថភ្លើងបុកគ្នានោះទេ ។ លោក Carlos Luis Tavares មេបញ្ជាការដ្ឋានប្រតិបត្តិការរស្រុក Coimbraរបស់ក្រុមហ៊ុនខាងលើបានបញ្ជាក់ដូច្នេះ ។
ម្នាក់ក្នុងចំណោមអ្នករងរបួសធ្ងន់ធ្ងរទាំងនោះ គឺជាអ្នកបើកបររថភ្លើង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅបន្ទប់វះកាត់ ។ ទីភ្នាក់ងារព័ត៌មានរបស់ព័រទុយហ្គាល់ Lusa បានចុះផ្សាយឲ្យដឹង ។
លោក Carlos Luis Tavares បានលើកឡើងថា “យើងបានបញ្ជូនពលរដ្ឋរួចរាល់ហើយ គឺអ្នករងគ្រោះចំនួន១០ទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នា ។ យើងមិនមានអ្នកដំណើរណាម្នាក់នៅលើរថភ្លើងនោះទៀតទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

