ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល អាហ្វហ្គានីស្ថាន សម្រេចដោះលែងអ្នកទោសសមាជិក ក្រុមតាលីបង់ ចំនួន៨០នាក់ ឲ្យមានសេរីភាពឡើងវិញ

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ថា អ្នកនាំពាក្យមកពីការិយាល័យ ក្រុមប្រឹក្សាសន្តិសុខជាតិ អាហ្វហ្គានីស្ថាន បានបញ្ជាក់កាលពីថ្ងៃសុក្រថា រដ្ឋាភិបាល អាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការដោះលែង អ្នកទោសចំនួន៨០នាក់ ឲ្យមានសេរីភាពឡើងវិញ ក្នុងចំណោមអ្នកទោស ដែលជាសមាជិក ក្រុមតាលីបង់ ចំនួន៤០០នាក់ ។

លោក Javid Faisal បានលើកឡើង ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រដ្ឋាភិបាលបានប្រកាសដោះលែង ទណ្ឌិតតាលីបង់ ចំនួន៨០នាក់ ក្នុងចំណោមអ្នកទោស ៤០០នាក់ ដោយបានអនុម័ត ដោយសភា ។

កិច្ចព្រមព្រៀងសន្តិភាពមួយ បានធ្វើឡើងរវាង សហរដ្ឋអាមេរិក និងក្រុមតាលីបង់ នៅកាតា កាលពីខែកុម្ភៈ ដែលតម្រូវឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងធ្វើការដោះលែង អ្នកទោសតាលីបង់៥.០០០នាក់ ដែលជាថ្នូរ នឹងការដោះលែងយោធា ឬបុគ្គលិករដ្ឋាភិបាលចំនួន១.០០០នាក់ ឲ្យមានសេរីភាពឡើងវិញ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top