ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានដកបម្រាមចូល ដែលខ្លួនបានដាក់លើជនជាតិកូរ៉េខាងត្បូង ដើម្បីគ្រប់គ្រងការរីករាលដាល នៃជំងឺ COVID-១៩ នៅតាមព្រំដែនរបស់ខ្លួន។
រដ្ឋាភិបាលទីក្រុងមូស្គូ បានចេញក្រឹត្យមួយនៅលើគេហទំព័រ របស់ខ្លួន ដោយប្រកាសដកការហាមឃាត់ ការចូលរបស់ប្រជាជនមកពីប្រទេសកូរ៉េខាងត្បូង បេឡារុស កាហ្សាក់ស្ថាន និងកៀហ្ស៊ីសស្ថាន ហើយប្រទេសរុស្ស៊ី ក៏បានឲ្យដឹងផងដែរថា ប្រជាជនរបស់ខ្លួន អាចទៅទស្សនាប្រទេសទាំងនោះដោយសេរី។
ការប្រកាសនេះត្រូវបានធ្វើឡើង ពីរថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ បានឲ្យដឹងថាខ្លួននឹងអនុញ្ញាតឱ្យ មានការបន្តជើងហោះហើរទៅ និងមកពីប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៧ ខែកញ្ញា។
ប្រទេសរុស្ស៊ី បានហាមឃាត់ការចូល របស់ជនបរទេស និងជើងហោះហើរអន្តរជាតិ នៅក្នុងខែមីនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ ហើយបានបន្ធូរបន្ថយ ការហាមឃាត់ជាបណ្តើរៗ ចាប់តាំងពីខែសីហា៕
ដោយ ឈូក បូរ៉ា