ព័ត៌មានអន្តរជាតិ

គូប្រជែងតំណែង ប្រធានាធិបតីគឺលោក ចូ ប៊ីដិន ជូនពរលោក ត្រាំ និងភរិយា ឆាប់ជាពីជំងឺកូវីដ១៩

បរទេស៖ បន្ទាប់ពីមានព័ត៌មានថាប្រធានាធិបតីអាមេរិកបានឆ្លងមេរោគកូវីដ១៩ ហើយបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូប៊ីដិន បានផ្ញើជូនពរលោកដូណាល់ត្រាំ ដ៏ល្អបំផុត ពីផ្លូវយុទ្ធនាការរបស់លោក។ លោក ប៊ីដិន ដែលមានអាយុលើសលោកត្រាំ ៣ ឆ្នាំ បានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុសនេះ ចំនួន ២ ដងកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ប៊ីដិន បានប្រាប់ទស្សនិកជននៅឯការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅឯ Grand Rapids រដ្ឋ Michigan កាលពីថ្ងៃសុក្រថា “ការបួងសួងរបស់ខ្ញុំចំពោះសុខភាពនិងសុវត្ថិភាពរបស់លោកជំទាវទីមួយ និងប្រធានាធិបតីសហរដ្ឋអាមេរិក” ។

នៅព្រឹកថ្ងៃសុក្រ សេតវិមានបានប្រកាសថា លោក ត្រាំ និងភរិយា គឺលោកស្រី Melania បានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុស SARS-CoV-2 ដែលបង្កជាជំងឺកូវីដ១៩ បន្ទាប់ពីលោកស្រី Hope Hicks ទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតី ត្រាំ បានធ្វើតេស្តិ៍វិជ្ជមានប៉ុន្មានម៉ោងមុននេះ។

កាលពីថ្ងៃសុក្រដដែល លោក Sean P. Conley ដែលជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់ លោក ដូណាល់ ត្រាំ បាននិយាយថាលោក ត្រាំ កំពុងទទួលយក “antibody cocktail” ដែលផលិតដោយ Regeneron Pharmaceudicals ហើយថាប្រមុខរដ្ឋវ័យ ៧៤ ឆ្នាំ របស់អាមេរិករូបនេះ បានអស់កម្លាំងដោយសារគ្រុនក្តៅ។ ភរិយារបស់លោក គឺលោកស្រី Melania អាយុ ៥០ ឆ្នាំមានអាការៈក្អកនិងឈឺក្បាលបន្តិចបន្តួច ហើយសមាជិកគ្រួសារដែលនៅសេសសល់ បានធ្វើតេស្តិ៍អវិជ្ជមាន៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top