ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ បណ្តាលឱ្យលិចទូទាំងតំបន់ ភាគកណ្តាលរបស់វៀតណាម

បរទេស៖ ខេត្ត Quang Nam, ខេត្ត Quang Tri, Hue, និង ខេត្ត Da Nang បានរងគ្រោះ ដោយសារទឹកជំនន់យ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយតំបន់លំនៅដ្ឋានជាច្រើន ត្រូវបានកាត់ផ្តាច់។ តំបន់កណ្តាលទាំងមូល បានរងការបំផ្លាញដោយព្យុះភ្លៀង ចាប់តាំងពីថ្ងៃអង្គារ ជាមួយនឹងអាកាសធាតុត្រជាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ខេត្ត Quang Nam ដែលជាទីប្រជុំជន នៃទីក្រុងបុរាណហួយអាន និងនៅ My Son បានទទួលទឹកភ្លៀង ១៨៨ មិល្លីម៉ែត្រកាលពីថ្ងៃមុន។ ទឹកភ្លៀង ១៨០ មីលីម៉ែត្រក្នុងមួយថ្ងៃ ត្រូវបានចាត់ទុកថាធ្ងន់ធ្ងរ។

ផ្នែកជាច្រើននៃ ហូយអាន ដែលជាទិសដៅទេសចរណ៍ដ៏ល្បីល្បាញ ក៏ត្រូវបានលិចទឹកផងដែរ។

លោក Nguyen The Hung អនុប្រធានទីប្រជុំជនបាននិយាយថា កម្ពស់ទឹកបានឡើងដល់ ១,៣ ម៉ែត្រនៅព្រឹកថ្ងៃព្រហស្បតិ៍, ០,៣ ម៉ែត្រពីកំរិតគ្រោះទឹកជំនន់កម្រិត ១ ដែលជំរុញ ឱ្យអាជ្ញាធរផ្អាករាល់សកម្មភាព ដែលទាក់ទងនឹងទេសចរណ៍។ ខេត្ត Quang Tri ដែលមានស្ពានប្រវត្តិសាស្ត្រ Hien Luong និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ត្រូវបានរងគ្រោះដោយទឹកភ្លៀងរហូតដល់ ៤០៩ មម ក្នុងរយៈពេល ២ ថ្ងៃចុងក្រោយនេះ។

តំបន់លំនៅដ្ឋានមួយចំនួន នៅទីប្រជុំជន Lao Bao ស្ថិតនៅក្រោមទឹក ៣ ម៉ែត្រ។

នៅស្រុក Huong Hoa ចំនួន ១.១០០ គ្រួសារត្រូវបានជម្លៀសទៅតំបន់ ដែលមានសុវត្ថិភាព ប៉ុន្តែអាជ្ញាធរក្នុងតំបន់ បាននិយាយថា មនុស្ស ៤ នាក់ បានហូរតាមទឹក ហើយនៅតែបាត់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top