ព័ត៌មានអន្តរជាតិ

លោក រ៉ូហានី៖ ទណ្ឌកម្មអាមេរិកថ្មី លើអ៊ីរ៉ង់គឺជាកិច្ចប្រឹងប្រែង រារាំងការទិញឱសថ និងចំណីអាហារ

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃសុក្រនេះ បានហៅទណ្ឌកម្មថ្មី របស់អាមេរិក លើធនាគាររបស់ប្រទេសអ៊ីរ៉ង់ ថាជាការប៉ុនប៉ង រារាំងដល់ការទិញថ្នាំពេទ្យ និងចំណីអាហារ នេះបើតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអ៊ីរ៉ង់ IRIB។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB តាមសេចក្តីរាយការណ៍ បាននិយាយដូច្នេះថា “លោកប្រធានាធិបតី បានហៅកិច្ចប្រឹងប្រែង របស់សហរដ្ឋអាមេរិក ដែលបង្កើតឧបសគ្គធ្ងន់ធ្ងរ ចំពោះការផ្ទេរមូលនិធិ សម្រាប់ការផ្គត់ផ្គង់ ឱសថនិងចំណីអាហារ ថាជាភាពឃោរឃៅ គួរឲ្យខ្លាចនិងអមនុស្សធម៌”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដាក់ទណ្ឌកម្មថ្មីៗលើវិស័យហិរញ្ញវត្ថុរបស់ប្រទេសអ៊ីរ៉ង់ ផ្តោតគោលដៅ លើធនាគារចំនួន១៨ ក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយ ថែមទៀតនូវប្រាក់ចំណូលអ៊ីរ៉ង់ ស្របពេលទីក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់ នៅប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតអាមេរិក៕

ប្រែសម្រួល៖ប៉ាង កុង

To Top