ព័ត៌មានអន្តរជាតិ

ផ្ទៃដីប្រមាណជាង ៤,១លានអារ ត្រូវបានលេបត្របាក់ ដោយភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រនីញ៉ា

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ក្រសួងព្រៃឈើ និងទប់ស្កាត់អគ្គីភ័យប្រចាំ រដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃប្រមាណជាង៨.៦០០កន្លែង ដែលបានបំផ្លាញព្រៃឈើដែលមានផ្ទៃដីជាង៤,១លានអារ ស្មើនឹង១៦.៥៩២គីឡូម៉ែត្រក្រឡា នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ចាប់តាំងពីកើតឡើងនៅក្នុងឆ្នាំនេះ ។

រហូតមកដល់ពេលនេះ សរុបអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅទូទាំងរដ្ឋនេះមានចំនួន៣១នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាង៩.២០០កន្លែង ។

ក្រសួងបានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណជាង៧.៧០០នាក់ នៅតែបន្តនៅក្នុងសមរភូមិដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃចំនួន២០កន្លែងនៅទូទាំងរដ្ឋ ហើយចំនួន១២កន្លែងនៅតែបន្តឆេះខ្លាំងនៅឡើយ ។

ក្រុមអ្នកពន្លត់អគ្គីភ័យបានទប់ស្កាត់ភ្លើងឆេះព្រៃថ្មីចំនួន២៣កន្លែង ហើយទីតាំងទាំងអស់នេះបានត្រូវរលត់វិញភ្លាមៗដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top