បរទេស៖ ដើម្បីឆ្លើយតបទៅនឹងការលក់អាវុធ ចុងក្រោយរបស់អាមេរិកដល់កោះតៃវ៉ាន់ ក្រសួងការបរទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក លុបចោលកិច្ចព្រមព្រៀងដែលបានស្នើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយថា «យើងសូមអំពាវនាវដល់ភាគីអាមេរិកទទួលស្គាល់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបណ្តាលមកពីការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ហើយប្រកាន់ខ្ជាប់នូវគោលនយោបាយ ‘ប្រទេសចិនតែមួយ និងសេចក្តីថ្លែងការណ៍ រួមចំនួន៣ ចិន – អាមេរិក បញ្ឈប់ការទំនាក់ទំនងផ្នែកយោធាជាមួយកោះតៃវ៉ាន់ និងលុបចោលផែនការ ពាក់ព័ន្ធក្នុងការលក់អាវុធទៅ កោះតៃវ៉ាន់»។
ការអត្ថាធិប្បាយរបស់លោក Zhao បានឆ្លើយតបទៅនឹងសេចក្តីសំរេចចិត្តរបស់ក្រសួងការបរទេសអាមេរិកក្នុងការអនុម័តលើការស្នើសុំនូវប្រព័ន្ធអាវុធចំនួន ៣ ទៅកាន់កោះតៃវ៉ាន់ដែលមានតម្លៃ ១,៨ ពាន់លានដុល្លារកាលពីថ្ងៃពុធ៕ប្រែសម្រួលៈ ណៃ តុលា