ព័ត៌មានអន្តរជាតិ

ថ្ងៃទី២៤តុលា ឱសានវាទឱ្យនាយករដ្ឋមន្រ្តី ចុះចេញពីតំណែងមកដល់, នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ស្ងប់ស្ងាត់

បរទេស៖ ក្រុមអ្នកតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ក្រុម Ratsadon (ប្រជាជន) បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារ Bangkok Remand ក្នុងសង្កាត់ Chatuchak ចាប់តាំងពីរសៀលថ្ងៃសុក្រ ដោយជំរុញឱ្យអាជ្ញាធរដោះលែង មេដឹកនាំបាតុកម្មដែលត្រូវបានចាប់ខ្លួននិងឃុំខ្លួននៅក្នុងពន្ធនាគារ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំបាតុកម្មបានងាកមកថ្លែងសុន្ទរកថាប្រឆាំងរដ្ឋាភិបាល ដោយទាមទារឱ្យនាយករដ្ឋមន្រ្តីគឺលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង និងដោះលែងបណ្តាមេដឹកនាំដែលត្រូវចាប់ខ្លួន។

នៅក្នុងសុន្ទរកថា គឺមេដឹកនាំបាតុកម្មក៏បានធ្វើការទាមទារចំនួន ៥ ដែលទី១ គឺបញ្ឈប់រាល់ការកាត់ទោសមេដឹកនាំដែលត្រូវចាប់ខ្លួន, ទី២បញ្ឈប់ការរំខានយាយីសាធារណៈដោយការកម្រិតសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ, ទី៣ ឧត្តមសេនីយ៍ប្រាយុទ្ធ ត្រូវតែលាលែងពីតំណែងនៅថ្ងៃទី ២៤ ខែតុលា, ទី៤ អនុញ្ញាតឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដូចដែលបានស្នើដោយប្រជាជននិងដកហូតសិទ្ធិបោះឆ្នោតរបស់សមាជិកព្រឹទ្ធសភា និងទី៥ ធ្វើកំណែទម្រង់រាជាធិបតេយ្យ៕

ប្រែសម្រួលៈ ណៃ តុលា

To Top