ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ កើនឡើងដល់ លើស១៥៦.០០០នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់១៥៦.៤៧១នាក់ បន្ទាប់ពីមានអ្នកជំងឺចំនួន៥៧១នាក់បានស្លាប់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន៣០.០២៦នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសកើនឡើងដល់៥.៣៥៣.៦៥៦នាក់ ។

ប្រទេសប្រេស៊ីល ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងដោយសារជំងឺឆ្លងរាតត្បាតនៅទូទំាងពិភពលោក ដែលស្ថិតក្នុងលំដាប់លេខ២ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងឈរក្នុងលំដាប់លេខ៣ដែលមានអ្នកឆ្លងជំងឺច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា ។

ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា បានផ្ទុះជំងឺជាលើកដំបូងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដែលផ្ទុះឡើងនៅរដ្ឋសៅប៉ូឡូ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top