ព័ត៌មានអន្តរជាតិ

ស៊ូដង់ និងអ៊ីស្រាអែល ព្រមព្រៀងគ្នាបង្កើត ចំណងមិត្តភាពផ្លូវការ ក្រោយការសម្របសម្រួល របស់អាមេរិក

បរទេស៖ រដ្ឋបាលលោក ត្រាំ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសអ៊ីស្រាអែល និងប្រទេសស៊ូដង់ នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាបង្កើតចំណងមិត្តភាពផ្លូវការ ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក។ 

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក  Benjamin Netanyahu និងនាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok ដែលលោកបានទទួលក្នុងវត្តមានអ្នកសារព័ត៌មាន នៅការិយាល័យ  Oval Office។

នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនោះ លោក ត្រាំ បានមានប្រសាសន៍ថា “នេះជាកិច្ចព្រមព្រៀងដ៏អស្ចារ្យសម្រាប់អ៊ីស្រាអែលនិងស៊ូដង់។ អស់រយៈពេលជាច្រើនទសវត្ស ប្រទេសស៊ូដង់ បានធ្លាក់ក្នុងស្ថានភាពសង្គ្រាមជាមួយអ៊ីស្រាអែល គឺពួកគេស្ថិតក្នុងសភាវៈសង្គ្រាម និងធ្វើពាហិការទំនិញអ៊ីស្រាអែល”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top