ភ្នំពេញ៖ស្របពេលដែលការបោះឆ្នោតកំពុងដំណើរការ ហើយលទ្ធផលផ្លូវការមិនទាន់ដឹងនៅឡើយនោះប៉ុន្តែជាភូមិសាស្រ្តនយោបាយទោះបីជា លោក ដូណាល់ ត្រាំ ឬ ចូ បៃដិន ឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ក៏នៅតែចាត់ទុកយុទ្ធសាស្រ្តផ្លូវនិងខ្សែក្រវាត់(BRI)របស់ចិនជាសត្រូវដដែល។គេត្រូវចាំថា លោក ចូ បៃដិន ធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋការ លោក ប៉ារ៉ាក់ អូប៉ាម៉ា និងជាអ្នកបានចូលរួមអនុវត្តន៍ «យុទ្ធសាស្រ្តពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក»( TPP)ដែលដាក់ចេញដោយ លោក អូប៉ាម៉ា ដើម្បីប្រឆាំងជាមួយឥទ្ធិពលចិន។
ចំណែកលោក ដូណាល់ ត្រាំវិញក្រោយឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកបានលុបចោលយុទ្ធសាស្រ្តTPPរបស់ លោក អូប៉ាម៉ា ហើយដាក់ជំនួសមកវិញនូវយុទ្ធសាស្រ្ត«តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»ដែលមានសម្ព័ន្ធមិត្ត អាមេរិកជប៉ុន អូស្រ្តាលី និងឥណ្ឌា ដើម្បីរាំងខ្ទប់ឥទ្ធិពលចិនដូចគ្នា។
ដូច្នេះប្រសិនបើ លោក ចូ បៃដិន ឈ្នះឆ្នោតក៏នៅតែបន្តអនុវត្តយុទ្ធសាស្រ្តពង្រីកឥទ្ធិពលអាមេរិកនៅតំបន់អាស៊ីនិងអាស៊ានដូចអ្វីដែលលោក អូប៉ាម៉ាធ្លាប់បានធ្វើពោលគឺច្បាស់ជាលើកយកបញ្ហាសមុទ្រចិនខាងត្បូង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីរករឿងចិននិងសម្ព័ន្ធមិត្តមិនឲ្យបានសុខស្រួលនោះទេ។ជាពិសេសបើលោក បៃដិនឈ្នះឆ្នោតនោះវិទ្យាស្ថានNDI(National Democratic Institution)ដែលជារបស់គណបក្សប្រជាធិបតេយ្យនិងធ្លាប់បានធ្វើការយ៉ាងសកម្មជាមួយអតីតគណបក្សប្រឆាំងនៅកម្ពុជាច្បាស់ជារស់ឡើងវិញនិងបន្តសកម្មភាពវាយប្រហាររាជរដ្ឋាភិបាលរករឿងបំផ្លាញសន្តិភាពនៅកម្ពុជា។
បើ លោក ដូណាល់ ត្រាំបន្តជាប់ឆ្នោតមួយអាណត្តិទៀតវិញ ក៏នៅតែបន្តអនុវត្តយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកប្រឆាំងនយោបាយBRIរបស់ចិនដដែល។
និយាយជារួមទោះបីជាលោក ដូណាល់ ត្រាំ ឬ ចូ បៃដិន ឈ្នះឆ្នោតជាប្រធានាធិបតីក៏សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តមិនបណ្ដោយឲ្យចិនបង្កើនឥទ្ធិពលស្ទើរពាសពេញពិភពលោកតែឯកឯងបានឡើយ។
ដូច្នេះទោះបីត្រាំឬ បៃដិន ឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកមិនសំខាន់ឡើយប៉ុន្តែយើងជាខ្មែរត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីទប់ទល់ឥទ្ធិពលបណ្ដាប្រទេសលោកខាងលិចដែលជាក្រុមប្រទេសគ្មានបំណងល្អមកលើកម្ពុជាឡើយ៕
ដោយ៖ សយ សុភាព