បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញពីការឆ្លើយតបដ៏ខ្លាំងក្លាមួយ ចំពោះការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកឲ្យកោះតៃវ៉ាន់ គឺកូនដ្រូនពិឃាត MQ-9 Reaper មានទំហំជាទឹកប្រាក់៦០០លានដុល្លារ ដែលត្រូវបានអនុម័តដោយក្រសួងការបរទេសនាពេលថ្មីៗនេះ។
យោងតាមព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វែប៊ីន បានអះអាងក្នុងសន្នសីទកាសែតមួយ កាលពីថ្ងៃពុធម្សិលមិញនេះថា ការលក់អាវុធរបស់អាមេរិកទាំងអស់ ល្មើសទៅនឹងច្បាប់ចិន។
លោក វ៉ាង វែប៊ីន បានថ្លែងថា “ការលក់អាវុធគឺបំពានធ្ងន់ធ្ងរ ចំពោះគោលនយោបាយប្រទេសចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមរបស់ចិននិងអាមេរិក”។ គោលនយោបាយអាមេរិក ក៏បញ្ជូនសញ្ញាខុសឲ្យដល់កងកម្លាំងបះបោររបស់តៃវ៉ាន់ផងដែរ ហើយចិនជំទាស់ប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ៕ប្រែសម្រួល៖ប៉ាង កុង