ព័ត៌មានអន្តរជាតិ

ករណីអគ្គីភ័យឆេះ មន្ទីរពេទ្យ នៅរ៉ូម៉ានី បណ្តាលឲ្យស្លាប់ អ្នកជំងឺកូវីដ១៩ តិចបំផុត១០នាក់

ប៊ូឆារ៉ស្ត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Nelu Tataru បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ចំនួន១០នាក់ ដែលមានអាការៈធ្ងន់ធ្ងរ ត្រូវបានសម្លាប់ដោយសារអគ្គីភ័យកើតឡើង កាលពីយប់ថ្ងៃសៅរ៍ នៅក្នុងអង្គភាពថែទាំជំងឺ (ICU) នៅតំបន់ Piatra Neamt ដែលជាមន្ទីរពេទ្យនៅភាគឦសានប្រទេសរ៉ូម៉ានី ។

រដ្ឋមន្តីបានពន្យល់ថា “អ្នកជំងឺចំនួន០៨នាក់បានស្លាប់ ខណៈដែលមានអគ្គីភ័យឆាបឆេះ និង០២នាក់ទៀ់តបានស្លាប់នៅពេលជួយសង្គ្រោះបន្ទាន់ ដោយសារពិបាកដកដង្ហើម” ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ Piatra Neamt ចម្ងាយប្រមាណ៣៥០គីឡូម៉ែត្រពីរដ្ឋរដ្ឋធានី Bucharest ភ្លាមៗបន្ទាប់ពីមានគ្រោះថ្នាក់កើតឡើង ។

លោក Irina Popa អ្នកនាំពាក្យមកពីវិទ្យាស្ថានអធិការកិច្ច និងសង្គ្រោះបន្ទាន់ក្នុងស្រុក បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បន្ទាប់ពីមានអគ្គីភ័យកើតឡើង ដែលមានអ្នកជំងឺចំនួន១៦នាក់នៅក្នុងនោះ ហើយបានជួយសង្គ្រោះបាន០២នាក់ នៅគ្រាដែលភ្លើងកំពុងឆាបឆេះ ។

អ្នកនាំពាក្យដដែលនេះបានលើកឡើងថា “មនុស្សចំនួន០៧នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងនោះរាប់ទាំងវេជ្ជបណ្ឌិតទទួលបន្ទុកការងារនៅទីនោះផងដែរ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top