បរទេស៖ អ្នកវិភាគសហរដ្ឋអាមេរិកមួយរូប បាននិយាយថា គោលនយោបាយដាក់សម្ពាធជាអតិបរិមារបស់សហរដ្ឋអាមេរិក លើប្រទេសកូរ៉េខាងជើង បានមានដំណើរការល្អនៅក្នុងឆ្នាំ២០១៨ រហូតដល់ពេលដែលមេដឹកនាំចិន លោក ស៊ី ជីនពីង ចាប់ផ្តើមជួបជាមួយលោក គីម ជុងអ៊ុន និងធ្វើឲ្យជះឥទ្ធិពលលើការសម្រេចចិត្តសំខាន់បំផុតនានារបស់លោក។
លោក Joseph Bosco ជាអ្នកវិភាគជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថានសិក្សាពីកូរ៉េខាងជើងនិងអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងវេទិការៀបចំឡើងដោយមូលនិធិសន្តិភាពពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀតថា គោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះកូរ៉េខាងជើង បានផ្លាស់ប្តុរយ៉ាងខ្លាំងក្លា ស្របពេលដែលលោក ស៊ី ជីនពីង ទាញលោក គីម ជុងអ៊ុន ធ្លាក់ចូលក្នុងវិសាលភាពនៃឥទ្ធិពលរបស់លោក។
ដោយពោលសំដៅដល់ជំនួបកំពូលដំបូងដ៏គួរឲ្យភ្ញាក់ផ្អើលរវាងប្រធានាធិបតីចិននិងមេដឹកនាំកូរ៉េខាងជើង នៅក្នុងខែមីនា ឆ្នាំ២០១៨នោះ លោក Joseph Bosco បានមានប្រសាសន៍ថា នៅមុនពេលជំនួបកំពូលនោះ កូរ៉េខាងជើងបានទទួលអារម្មណ៍ក្តៅក្រហាយ ក្រោយមានការព្រមានរយៈពេលមួយឆ្នាំ។
ប្រែសម្រួល៖ប៉ាង កុង