ព័ត៌មានអន្តរជាតិ

ប្រទេសចិន អាចចូលរួមកិច្ចព្រមព្រៀង ពាណិជ្ជកម្មអាស៊ី – ប៉ាស៊ីហ្វិកដ៏ធំមួយ ដែលត្រូវបានបោះបង់ ចោលដោយសហរដ្ឋអាមេរិក

បរទេស៖ ប្រទេសជប៉ុនអាចពង្រីកកតិកាសញ្ញាពាណិជ្ជកម្មសេរីក្នុងតំបន់ ដើម្បីរួមបញ្ចូលប្រទេសចិន។ ត្រូវបានគេស្គាល់ថាជា CPTPP កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងប្រទេសចំនួន ១១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលបានសំរេចចិត្តរក្សាទីផ្សាររបស់ពួកគេឱ្យបើកចំហរ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្តូរទៅគោលនយោបាយគាំពារនិយម។ 

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានថ្លែងនៅមុនកិច្ចប្រជុំកំពូល APEC កាលពីថ្ងៃសុក្រថា «ប្រទេសជប៉ុននឹងមានបំណងបង្កើតតំបន់ពាណិជ្ជកម្មសេរីនៃអាស៊ីប៉ាស៊ីហ្វិកតាមរយៈការបញ្ចប់កិច្ចព្រមព្រៀង RCEP និងការអនុវត្តនិងការពង្រីក CPTPP ជាប្រធាននៅឆ្នាំក្រោយ»។ 

សេដ្ឋកិច្ចដែលបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងការរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) តំណាងឱ្យអតិថិជនជិតកន្លះពាន់លាននាក់ និងស្មើនឹង ១៣,៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបសកល។ កិច្ចព្រមព្រៀងពាណិជ្ជកម្មគឺជាការធ្វើឱ្យទាន់សម័យនូវភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលមានវាសនាអាក្រក់។ កិច្ចព្រមព្រៀងនោះត្រូវបានចរចា ដោយរដ្ឋបាលលោកអូបាម៉ា ប៉ុន្តែមិនត្រូវបានផ្តល់សច្ចាប័ន (យល់ព្រម) ឡើយ មុនពេលដែលប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ចូលកាន់តំណែងនិងទាញសហរដ្ឋអាមេរិកចេញពីកតិកាសញ្ញាពាណិជ្ជកម្ម។ 

កន្លងមកទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា ខ្លួនបើកចំហចំពោះគំនិតនៃការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយទៀត។ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី នឹងពិភាក្សាអំពីបញ្ហានេះជាមួយភាគីជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅសប្តាហ៍ក្រោយ។ 

CPTPP អាចជាកិច្ចព្រមព្រៀងដ៏ធំមួយទៀតសម្រាប់ប្រទេសចិន និងសេដ្ឋកិច្ចក្នុងតំបន់មួយចំនួនទៀត ដែលបានបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោកកាលពីសប្តាហ៍មុន ជាមួយភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ៕

ប្រែសម្រួលៈ ណៃ តុលា

To Top