ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ហាមក្រុមហ៊ុនបរទេស មិនឲ្យតេស្ត ថ្នាំវ៉ាក់សាំងកូវីដ១៩ លើជនជាតិអ៊ីរ៉ង់

បរទេស៖ នៅថ្ងៃសៅរ៍នេះ ក្រោយមួយថ្ងៃបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ហាមមិនឲ្យនាំចូលថ្នាំវ៉ាក់សាំងពីសហរដ្ឋអាមេរិកនិងអង់គ្លេសនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ថា ក្រុមហ៊ុនបរទេស នឹងមិនអនុញ្ញាតឲ្យតេស្តថ្នាំវ៉ាក់សាំងកូវីដ១៩ លើប្រជាជនអ៊ីរ៉ង់ឡើយ។ 

នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ដោយមិនបាននិយាយប្រាប់ឈ្មោះក្រុមហ៊ុន ឬក៏ផ្តល់សេចក្តីលម្អិតបន្ថែមនោះ លោក រ៉ូហានី បានមានប្រសាសន៍ដូច្នេះថា “ក្រុមហ៊ុនបរទេសចង់ផ្តល់ថ្នាំវ៉ាក់សាំងឲ្យយើង ដូច្នេះពួកវាត្រូវតែតេស្តសាកល្បងលើប្រជាជនអ៊ីរ៉ង់ ប៉ុន្តែក្រសួងសុខាភិបាលបានហាមឃាត់វា”។ 

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងបន្តដូច្នេះថា “ប្រជាជនរបស់យើងនឹងមិនមែនជាឧបករណ៍តេស្តសាកល្បង សម្រាប់ក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំងនោះឡើយ។ យើងនឹងទិញថ្នាំវ៉ាក់សាំងបរទេសដែលមានសុវត្ថិភាព”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top