ព័ត៌មានអន្តរជាតិ

Update: លោកស្រី ស៊ូជី ត្រូវយោធាឃុំខ្លួន ខណៈប្រធានាធិបតី និងមេដឹកនាំផ្សេងទៀត ត្រូវចាប់ខ្លួន នៅព្រឹកនេះ

BBC៖ អ្នកនាំពាក្យគណបក្សបាននិយាយថា លោកស្រីអ៊ុងសានស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួន ដែលការចាប់ខ្លួននេះ បានកើតឡើង ចំពេលដែលភាពតានតឹង រវាងរដ្ឋាភិបាលស៊ីវិល និងយោធា បានបង្កការភ័យខ្លាច ចំពោះការធ្វើរដ្ឋប្រហារ។

យោងតាមតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាគណបក្ស NLD បានឈ្នះអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល ប៉ុន្តែកងទ័ពនិយាយថា ការបោះឆ្នោតនេះគឺជាការក្លែងបន្លំ។

ប្រទេស មីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថា ជាប្រទេសភូមានោះ គឺត្រូវបានគ្រប់គ្រងដោយយោធា រហូតដល់ឆ្នាំ ២០១១។ លោកស្រីស៊ូជីបានចំណាយពេលជាច្រើនឆ្នាំ នៅក្រោមការឃុំឃាំងក្នុងផ្ទះ។ សភាជាន់ទាប ដែលទើបជាប់ឆ្នោតថ្មី នឹងត្រូវកោះប្រជុំជាលើកដំបូង នៅថ្ងៃច័ន្ទ ប៉ុន្តែយោធាបានអំពាវនាវ ឱ្យមានការពន្យារពេល។

អ្នកឆ្លើយឆ្លងព័ត៌មាន BBC នៅអាស៊ីអាគ្នេយ៍របស់ BBC លោក Jonathan Head មានប្រសាសន៍ថា មានទាហាននៅតាមដងផ្លូវនានានៃរដ្ឋធានីណៃពិដោនិងទីក្រុងសំខាន់គឺយ៉ាំងហ្គោន។

អ្នកនាំពាក្យគណបក្ស NLD លោក Myo Nyunt បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រតាមទូរស័ព្ទថា លោកស្រីស៊ូជីប្រធានាធិបតី Win Myint និងមេដឹកនាំដទៃទៀតត្រូវបាន“ ចាប់” នៅព្រឹកព្រលឹម៕

ប្រែសម្រួលៈ ណៃ តុលា

To Top