ព័ត៌មានអន្តរជាតិ

កុំឃើញស្ងាត់ៗជាច្រើនឆ្នាំ តាមពិតកូរ៉េខាងជើង សម្ងំពង្រឹងអង្គភាពមីស៊ីល និងដាក់គោលដៅ វាយប្រហារសោះ

សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានពង្រីកអង្គភាពមីស៊ីលផ្លោង និងពង្រឹងកម្លាំងពិសេស ជាមួយនឹងឧបករណ៍ទំនើបៗ និងសមយុទ្ធវាយប្រហារគោលដៅ ដូចជាការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូងជាដើម។

ការផ្លាស់ប្តូរទាំងនេះនៅក្នុងយោធាកូរ៉េខាងជើង ស្ថិតក្នុងចំណោមចំណុចសំខាន់ៗ នៃការបោះពុម្ពផ្សាយឆ្នាំ២០២០ របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលក្រសួងការពារជាតិ បានដាក់បង្ហាញតាមអ៊ិនធឺណិត និងក្រៅប្រព័ន្ធនៅថ្ងៃអង្គារនេះ ស្ដីពីការពង្រឹងសមត្ថភាព វាយប្រហារមហាប្រល័យ របស់កូរ៉េខាងជើង។

យោងតាមឯកសារនេះ ប្រទេសកូរ៉េខាងជើងឥឡូវនេះមានកងពលតូចមីស៊ីលចំនួន ១៣ ក្រោមបញ្ជាការកម្លាំងយុទ្ធសាស្ត្រ របស់ខ្លួនដោយចំនួននេះ កើនឡើងពីចំនួន ៩ ក្នុងឆ្នាំ២០១៨ ។

អង្គភាពទាំងនេះត្រូវបានគេជឿជាក់ថា នឹងធ្វើប្រតិបត្តិការមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលមានគោលដៅ វាយប្រហារគោលដៅរបស់កូរ៉េខាងត្បូងគឺកាំជ្រួច Rodong មានចម្ងាយប្រមាណ ១៣០០ គីឡូម៉ែត្រ និងមីស៊ីលរយៈចម្ងាយមធ្យម Musudan ដែលមានចម្ងាយជាង ៣០០០ គីឡូម៉ែត្រ ដែលដាក់មូលដ្ឋានយោធាយុទ្ធសាស្ត្រអាមេរិកនៅកោះហ្គាម នៅក្នុងជួរវាយប្រហាររបស់ខ្លួន។

ការកើនឡើងនៃចំនួនទាំងនោះ គឺស្របនឹងការផ្លាស់ប្តូរថ្មីរបស់ប្រទេស កុម្មុយនិស្តមួយនេះ ដើម្បីពង្រឹងមីស៊ីល និងអាវុធធម្មតាដទៃទៀត ចំពេលមានកិច្ចចរចាការរំសាយអាវុធ នុយក្លេអ៊ែរដែលបានជាប់គាំង ជាមួយសហរដ្ឋអាមេរិក និងទំនាក់ទំនងអន្តរកូរ៉េ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top