ព័ត៌មានអន្តរជាតិ

គុយវ៉ែត មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៩៦២នាក់ និងស្លាប់បន្ថែម ០២នាក់ទៀត

គុយវ៉ែត ស៊ីធី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសគុយវ៉ែត បានប្រកាថា ប្រទេសគុយវ៉ែត ត្រូវបានគេរាយាការណ៍ កាលពីថ្ងៃអាទិត្យថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន៩៦២នាក់ និង មានអ្នកស្លាប់បន្ថែមទៀត ចំនួន០២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងនៅក្នុងប្រទេស ដល់ទៅ១៩០.៩៩៨នាក់ និង អ្នកស្លាប់ចំនួន៩៦៦នាក់ ។

ទន្ទឹមនឹងនេះដែរ ក្រសួងបានប្រកាសថា អ្នកជំងឺចំនួន៤៤៥នាក់បន្ថែមទៀត បានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ ពីជំងឺនៅក្នុងប្រទេសគុយវ៉ែត កើនឡើងដល់១៦១.៥៣៨នាក់ ហើយអ្នកជំងឺចំនួន៨.៤៩៤នាក់ កំពុងទទួលការសម្រាកព្យាបាល ។

លោក Abdullah Al-Sanad អ្នកនាំពាក្យមកពីក្រសួងខាងលើ បានជំរុញដល់ពលរដ្ឋគ្រប់រូប នៅក្នុងប្រទេសគុយវ៉ែត ដើម្បីមានវិធានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា និងរក្សាគម្លាតគ្នានៅក្នុងសង្គម។

គាត់បានលើកឡើងថា គុយវ៉ែត នឹងប្រើប្រាស់មជ្ឈមណ្ឌលចំនួន១៥ នៅទូទាំងប្រទេស ដើម្បីធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ដល់ពលរដ្ឋទាំងអស់ និងអ្នកស្រុកជាច្រើននាក់ ។

មជ្ឈមណ្ឌល Al-Naseem និង Al-Masayel ក៏បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនរួចរាល់ហើយដែរ កាលពីថ្ងៃអាទិត្យ ។

គុយវ៉ែត បានសម្រេចធ្វើការហាមប្រាម ចូលចេញប្រទេសគុយវ៉ែត សម្រាប់រយៈពេល០២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យដើម្បីទប់ស្កាត់ការឆ្លង រាលដាលវីរុសកូរ៉ូណា ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top