ព័ត៌មានអន្តរជាតិ

អគ្គមេបញ្ជាការយោធា ប្រកាសថាមីយ៉ាន់ម៉ា នឹងធ្វើការប្រកបដោយមិត្ដភាព ជាមួយបរទេសទាំងអស់ ប៉ុន្ដែមិនផ្លាស់ប្ដូរគោលនយោបាយ

រ៉ង់ហ្គូន៖ លោក Min Aung Hlaing អគ្គមេបញ្ជាការនៃ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា នឹងធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយមិត្តភាពជាមួយ ប្រទេសទាំងអស់ ខណៈដែលគោលនយោបាយការបរទេស របស់ប្រទេសនេះនឹងមិនផ្លាស់ប្តូរនោះទេ។

នៅក្នុងសារលិខិតផ្សាយ តាមទូរទស្សន៍ជាលើកដំបូង ទៅកាន់សាធារណៈជន បន្ទាប់ពីការប្រកាសអំពីភាពអាសន្ន រយៈពេលមួយឆ្នាំលោកបានលើកឡើងថា ក្នុងរយៈពេលនោះនឹងមិនមាន ការផ្លាស់ប្តូរនៅក្នុងគោលនយោបាយ ការបរទេសប្រតិបត្តិ និងសេដ្ឋកិច្ចនោះទេ ហើយមីយ៉ាន់ម៉ា នឹងបន្តមាគ៌ានយោបាយបច្ចុប្បន្ន។

លោក Min Aung Hlaing ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានរំលឹកឡើងវិញនូវផែនទីបង្ហាញផ្លូវ ៥ចំណុចដែលត្រូវអនុវត្តក្នុងពេលមានអាសន្ន រយៈពេល ១ឆ្នាំនេះ។

លោកបានបន្ដថា ក្រោមផែនទីបង្ហាញផ្លូវ គណៈកម្មការរៀបចំការបោះឆ្នោត ដែលត្រូវបានធ្វើកំណែទម្រង់ថ្មីៗនេះ បាននិងកំពុងពិនិត្យមើលដំណើរការ បោះឆ្នោតនៃការបោះឆ្នោតទូទៅកាលពីឆ្នាំមុន។

វិធានការណ៍បង្ការជា ប្រចាំប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នឹងបន្តអនុវត្តដោយមិនបាត់បង់ សន្ទុះខណៈការសង្កត់ធ្ងន់នឹងត្រូវដាក់ លើការចែកចាយវ៉ាក់សាំង នៅទូទាំងប្រទេស។

អគ្គមេបញ្ជាការរូបនេះបានបន្ថែមទៀតថា ការរៀបចំត្រូវបានធ្វើឡើង ដើម្បីជួយដល់អាជីវកម្ម ដែលបានរងផលប៉ះពាល់ដោយជំងឺកូវីដ -១៩ ដោយអំពាវនាវឱ្យមានការវិនិយោគពីក្នុង និងក្រៅប្រទេស ៕

ដោយ ឈូក បូរ៉ា

To Top