Covid-19

ក្រសួងសុខាភិបាលជប៉ុន ទើបអនុម័តឲ្យប្រើថ្នាំវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer

បរទេស៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ នូវថ្នាំវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer Inc ហើយនេះជាការអនុម័តបែបនេះ ដំបូងនៅក្នុងប្រទេស ស្របពេលបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់រលកនៃការឆ្លងមេរោគលើកទី៣ នៅមុនរដូវការកីឡាអូឡាំពិកនៅរដូវក្តៅ។

ការអនុម័តនេះ ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ក្រោយគណៈកម្មាធិការ រដ្ឋាភិបាលណែនាំឲ្យធ្វើការអនុម័ត កាលពីថ្ងៃសុក្រ ជាចំណុចដែលរដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Norihisa Tamura និយាយថា ប្រទេសជប៉ុននឹងផ្តល់ការអនុម័តចុងក្រោយ ឲ្យឆាប់បំផុតតាមដែលអាចធ្វើបាន ។

តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍ថា ការចាក់ថ្នាំវ៉ាក់សាំង នឹងចាប់ផ្តើមពីពាក់កណ្ដាលសប្ដាហ៍ក្រោយ ដោយផ្តើមជាមួយបុគ្គលិក សុខាភិបាលចំនួនប្រមាណ ១០.០០០នាក់ ហើយរដ្ឋាភិបាលសង្ឃឹមថា នឹងធ្វើការផ្គត់ផ្គង់ឲ្យគ្រប់គ្រាន់ សម្រាប់ប្រជាជនទាំងអស់ នៅពាក់កណ្ដាលឆ្នាំនេះ។
គួរបញ្ជាក់ថា ផ្នែកជាច្រើននៃប្រទេសជប៉ុន នៅតែស្ថិតនៅក្រោមការដាក់ក្នុងភាពអាសន្ន ក្រោយរលកឆ្លងមេរោគលើកទី៣ វាយប្រហារនៅចុងឆ្នាំមុននេះ ប៉ុន្តែករណីឆ្លងថ្មីនិងការស្លាប់ បានថយចុះជាងក្នុងពេល ពីរសប្ដាហ៍កន្លងទៅ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top