ព័ត៌មានអន្តរជាតិ

យូអិន ថ្កោលទោសការវាយប្រហារ លើប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន ស្របពេលនៅតែត្រូវការកិច្ចពិភាក្សាគ្នាបំផុត

បរទេស៖ អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ បានធ្វើការថ្កោលទោសចំពោះការវាយប្រហារ លើអ្នកសារព័ត៌មាននិងសកម្មជន សិទ្ធិមនុស្សអាហ្វហ្គានីស្ថាន ស្របពេលដែលកិច្ចពិភាក្សាគ្នា នៅតែត្រូវការកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ២ទសវត្ស។

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកសកម្មប្រយុទ្ធតាលីបង់ បានចាប់ផ្តើមកិច្ចពិភាក្សា សន្តិភាពនៅក្នុងទីក្រុងដូហា កាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែកិច្ចចរចាត្រូវបានជាប់គាំងធ្ងន់ធ្ងរ។ ទីក្រុងវ៉ាស៊ីនតោន កំពុងតែធ្វើការពិនិត្យឡើងវិញ នូវកិច្ចព្រមព្រៀងមួយ ដែលឲ្យដកកងទ័ពលោកខាងលិច ចេញពីប្រទេស នៅត្រឹមខែឧសភា។

លោក Deborah Lyons ជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយដូច្នេះថា “ប្រជាជនអាហ្វហ្គានីស្ថានត្រូវការ និងសមនឹងទទួលបានការរីកលូតលាស់ផ្នែកស៊ីវិល ដែលជាសង្គមមួយប្រជជនអាចគិត អាចសរសេរនិងអាចបញ្ចេញទស្សនកិច្ច របស់ពួកគេដោយចំហ គ្មានការភ័យខ្លាច”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្ថែមទៀតដូច្នេះថា “សម្លេងអ្នកការពារសិទ្ធិមនុស្សនិងប្រព័ន្ធផ្សព្វផ្សាយ គឺមានសារៈសំខាន់ណាស់ សម្រាប់សង្គមមួយដែលបើកចំហនិងត្រឹមត្រូវ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top