Covid-19

ប្រេស៊ីល ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ពលរដ្ឋគ្រប់រូប និងអាចចាក់លើមនុស្ស អាយុលើសពី ៩០ ឆ្នាំ

រីយ៉ូ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពផ្លូវការមួយថា ប្រេស៊ីល បានចាក់វ៉ាក់សាំងដល់មនុស្សគ្រប់រូប ដែលមានអាយុលើសពី ៩០ ឆ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាង ៧០ ភាគរយនៃបុគ្គលិកសុខាភិបាលរបស់ខ្លួន។

យោងតាមការិយាល័យអគ្គរដ្ឋអាជ្ញា (AGU) ដែលបានចេញផ្សាយឯកសារនេះ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សគ្រប់រូប ដែលមានអាយុលើសពី ៦០ ឆ្នាំរស់នៅតាមផ្ទះថែទាំ ហើយជនពិការ ដែលមានស្ថាប័ន ត្រូវបានទទួលថ្នាំបង្ការនេះ។

ឯកសារនេះ ត្រូវបានចេញជាការឆ្លើយតប ទៅនឹងសំណើ របស់តុលាការកំពូលសហព័ន្ធ ដែលរដ្ឋាភិបាល បានផ្តល់ព័ត៌មានលម្អិតទាក់ទង នឹងយុទ្ធនាការចាក់វ៉ាក់សាំង និងវិស័យអាទិភាព ព្រោះវាមិនច្បាស់ថា នរណានឹងត្រូវចាក់វ៉ាក់សាំងជាមុន ប្រសិនបើខ្វះវ៉ាក់សាំង ដែលជាករណីចាំបាច់នោះទេ។

ឯកសាររបស់ AGU បញ្ជាក់ថា ១០០ ភាគរយនៃប្រជាជនប្រេស៊ីលអាយុ ៩០ ឆ្នាំ និងលើសពីនេះមានចំនួន (៩០១,៧២៩ នាក់) បានចាក់វ៉ាក់សាំងរួម ជាមួយបុគ្គលិកសុខាភិបាលចំនួន ៧៣ ភាគរយ (៤,៨៥ លាននាក់) ១០០ ភាគរយនៃមនុស្ស ដែលមានអាយុលើសពី ៦០ ឆ្នាំនៅតាមមណ្ឌលថែទាំមានចំនួន (១៥៦,៨៧៨) និងមនុស្សទាំងអស់ ដែលជាជនពិការ ដែលរស់នៅក្នុងស្ថាប័ន (៦,៤៧២) ។

បច្ចុប្បន្ននេះប្រជាជនជាង ៥ លាន ៥ សែននាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅពាសពេញប្រទេសប្រេស៊ីល ទោះបីជាកង្វះវ៉ាក់សាំង បានធ្វើឱ្យទីក្រុង រដ្ឋធានីចំនួន ៥ ក្នុងតំបន់ត្រូវបញ្ឈប់ ការចាក់ថ្នាំបង្ការក៏ដោយ។

យោងតាមផែនការ ចាក់ថ្នាំបង្ការថ្នាក់ជាតិរបស់ប្រទេសនេះ ដែលបានធ្វើបច្ចុប្បន្នភាព ក្នុងខែមករាប្រជាជន ៧៧,២ លាននាក់ស្ថិតនៅក្នុង ក្រុមអាទិភាពរួមទាំងមនុស្សចាស់ និងបុគ្គលិកសុខាភិបាលនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតមួយនេះ៕ ដោយ ៖ ឈូក បូរ៉ា

To Top