ព័ត៌មានអន្តរជាតិ

ការលុបបំបាត់ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ចាំបាច់ត្រូវមានការចូលរួម ក្នុងកិច្ចប្រឹងប្រែងរវាងកូរ៉េខាងត្បូង និងជប៉ុន

វ៉ាស៊ីនតោន៖ មន្រ្តីការបរទេសសហរដ្ឋអាមេរិក បានលើកឡើហថា ការខិតខំណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នឹងមិនមានប្រសិទ្ធភាពនោះទេ បើគ្មានការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន។

លេខាធិការសារព័ត៌មាន នៃក្រសួងការបរទេស Ned Price ក៏បានឲ្យដឹងផងដែរថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ តម្លៃរួមគ្នានៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

លោក Price បានថ្លែងនៅក្នុងសន្និសីទកាសែតតាមទូរស័ព្ទថា “យើងដឹងថាវិធីសាស្រ្តណាមួយ ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលជាវិធីមួយដែលធ្វើឱ្យមានការ រំសាយអាវុធនុយក្លេអ៊ែរដូច ដែលយើងគ្រោងនឹងធ្វើ នឹងមិនមានប្រសិទ្ធិភាពនោះទេ ប្រសិនបើយើងមិនធ្វើការជាមួយគ្នា ជាមួយសមភាគីជប៉ុន និងកូរ៉េរបស់យើង” ។

សហរដ្ឋអាមេរិក កំពុងពិនិត្យឡើងវិញនូវគោល នយោបាយរបស់កូរ៉េខាងជើង ដែលខ្លួនបាមឲ្យដឹងថានឹងនាំឱ្យមាន វិធីសាស្រ្តថ្មីរបស់សហរដ្ឋអាមេរិក ឆ្ពោះទៅរកបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ទោះយ៉ាងណាអ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា វិធីសាស្រ្តថ្មីមួយនឹងមានប្រសិទ្ធភាព និងមានសារៈសំខាន់ដូចគ្នា នឹងការនាំសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិករួមទាំងកូរ៉េខាងត្បូង និងជប៉ុនមកកាន់ទំព័រតែមួយ ជាមួយសហរដ្ឋអាមេរិក។

សុន្ទរកថាចុងក្រោយរបស់លោក ក៏បានកើតឡើងចំពេលមានទំនាក់ទំនងដ៏រំជួលចិត្ត រវាងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ទាំងពីរនៅអាស៊ី កូរ៉េខាងត្បូង និងជប៉ុន ជុំវិញជម្លោះពាណិជ្ជកម្ម និងបញ្ហាប្រវត្ដិសាស្រ្ត។

ទំនាក់ទំនងទីក្រុងសេអ៊ូល – តូក្យូ កាន់តែយ៉ាប់យ៉ឺនជាលំដាប់ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៩ នៅពេលដែលប្រទេសជប៉ុន បានចាត់វិធានការសេដ្ឋកិច្ចទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងត្បូង ក្នុងការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេច របស់តុលាការក្រុងសេអ៊ូល ដែលបានបញ្ជាឱ្យអាជីវកម្មជប៉ុន បង់ប្រាក់សំណងដល់កម្មករកូរ៉េ ដែលត្រូវបានបង្ខំឱ្យធ្វើការដោយមិនបង់ប្រាក់ ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ៕

ដោយ ឈូក បូរ៉ា

To Top