ព័ត៌មានអន្តរជាតិ

អាមេរិកនិយាយថា នឹងមិនឱនលំទោន ចំពោះសម្ពាធពីអ៊ីរ៉ង់ ឲ្យបន្ធូរបន្ថយទណ្ឌកម្មបន្ថែមទៀត មុនពេលការពិភាក្សាគ្នាឡើយ

បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក គ្រោងមិនចាត់វិធានការបន្ថែម ក្នុងការឆ្លើយតបចំពោះសម្ពាធពីប្រទេសអ៊ីរ៉ង់ នៅមុនពេលជួបពិភាក្សាគ្នាជាមួយទីក្រុងតេអេរ៉ង់និងមហាអំណាចធំៗ ស្តីពីការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥វិញនោះទេ។ 

ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំនៅ អង្គការសហប្រជាជាតិ លោក Richard Mills បាននិយាយប្រាប់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិថា សហដ្ឋអាមេរិក កំពុងតែទុកជាមោឃៈ នូវការអះអាងរបស់រដ្ឋបាលលោក ត្រាំ ដែលថា ទណ្ឌកម្មអង្គការសហប្រជាជាតិទាំងអស់ ត្រូវបានដាក់ជាថ្មីវិញ លើប្រទេសអ៊ីរ៉ង់ ក្នុងខែកញ្ញា។ 

គួរបញ្ជាក់ថា ទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន បានខ្វែងគំនិតគ្នាជុំវិញអ្នកណាគួរតែបោះជំហានដំបូង ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀង។ អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិក ត្រូវតែដកទណ្ឌកម្មរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមុន ស្របពេលដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ទីក្រុងតេអេរ៉ង់ត្រូវតែវិលមកអនុវត្តតាមកិច្ចព្រមព្រៀងជាមុន។ 

សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយប្រាប់ថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីពិភាក្សាគ្នាជាមួយអ៊ីរ៉ង់ ស្តីពីប្រទេសទាំងពីរវិលទៅរកកិច្ចព្រមព្រៀង ដែលមានគោលបំណងទប់ស្កាត់ទីក្រុងតេអេរ៉ង់ មិនឲ្យផលិតអាវុធនុយក្លេអ៊ែ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top