ព័ត៌មានអន្តរជាតិ

អាមេរិក ស្វះស្វែងបន្តពង្រឹង កិច្ចព្រមព្រៀងនុយក្លេអ៊ែ ជាមួយអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងស្វះស្វែង ពង្រឹងនិងបន្តកិច្ចព្រមព្រៀង រវាងមហាអំណាចពិភពលោកនិងប្រទេសអ៊ីរ៉ង់ ដែលមានគោលបំណង ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែ។

តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ប្រាប់ដូច្នេះថា “សហរដ្ឋអាមេរិក នៅតែប្តេជ្ញាធានាថា ប្រទេសអ៊ីរ៉ង់មិនសម្រេចបានអាវុធនុយក្លេអ៊ែ ហើយកិច្ចការការទូត គឺជាផ្លូវដ៏ល្អបំផុតដើម្បី សម្រេចបានគោលដៅនោះ”។

លោក Blinken បានបន្តទៀតថា “ដោយការធ្វើការងារជាមួយ សម្ពន្ធមិត្តនិងដៃគូនានា យើងក៏នឹងស្វះស្វែងបន្តនិងពង្រឹងកិច្ចព្រមព្រៀង JCPOA និងដោះស្រាយផ្នែកផ្សេងទៀតនៃក្តីព្រួយបារម្ភ ដែលរួមបញ្ចូលទាំងការ បង្កអស្ថិរភាពក្នុងតំបន់ និងការអភិវឌ្ឍមីស៊ីលផ្លោង របស់អ៊ីរ៉ង់និងការពង្រីកអាវុធ”។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ប្រសិនបើប្រទេសអ៊ីរ៉ង់ វិលមកអនុវត្តយ៉ាងហ្មត់ចត់ ជាមួយកិច្ចព្រមព្រៀងឆ្នាំ២០១៥វិញនោះ រដ្ឋបាលរបស់លោក នឹងធ្វើដូចគ្នានោះដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×