Covid-19

កូរ៉េខាងត្បូង ចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩

បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានចាប់ផ្តើមយុទ្ធនាការ ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដោយធ្វើការចាក់នៅមណ្ឌលចាស់ជរាប្រមាណ ២០០កន្លែង នៅក្នុងកិច្ចប្រឹងប្រែងមួយដែលមន្ត្រីហៅថា ជាជំហានដំបូងធ្វើឲ្យប្រទេសវិល ទៅរកជីវិតរស់នៅធម្មតាឡើង។ 

តាមសេចក្តីរាយការណ៍ ដូសដំបូងនៃថ្នាំវ៉ាក់សាំង របស់ក្រុមហ៊ុន AstraZeneca នោះ បានចាប់ផ្តើមផ្តល់នៅម៉ោង ៩ព្រឹកដល់បុគ្គលិកមណ្ឌលចាស់ជរា និងអ្នកជម្ងឺមួយចំនួនក្នុងមណ្ឌលទាំងនោះ នៅទូទាំងប្រទេស ដែលមានប្រជាជនប្រហែល ៥២លាននាក់។ 

តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ទីភ្នាក់ងារគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺកូរ៉េ បាននិយាយថា ដល់ម៉ោង៦ល្ងាច មនុស្សចំនួន១៦.៨១៣នាក់ បានទទួលដូសដំបូងរបស់ពួកគេ។ 

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីឆ្លងមេរោគកូរ៉ូណាថ្មីចំនួន៤០៦ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ហើយរហូតមកទល់ពេលបច្ចុប្បន្ន ប្រទេសនេះ បានរាយការណ៍ករណីឆ្លងចំនួន៨៨.៩២២ករណី និងអ្នកស្លាប់ចំនួន១.៥៨៥នាក់៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top