ព័ត៌មានអន្តរជាតិ

សិង្ហបុរី អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការប្រើប្រាស់កម្លាំង ដ៏សាហាវលើជនស៊ីវិល

សិង្ហបុរី៖ រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានអំពាវនាវដល់យោធាមីយ៉ាន់ម៉ា ឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំង ដ៍សាហាវទៅលើជនស៊ីវិល និងការដោះលែងជាបន្ទាន់ នូវទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំនយោបាយដទៃទៀត។

ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានឲ្យដឹងផងដែរថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់នៅថ្ងៃអាទិត្យ ៣ថ្ងៃកន្លងទៅនេះ ខណៈដែលអាជ្ញាធរមីយ៉ាន់ម៉ា បានបង្ក្រាបការតវ៉ាប្រឆាំង នឹងរដ្ឋប្រហារយោធា។

ថ្លែងក្នុងអំឡុងកិច្ចពិភាក្សា ដេញដោលនៃគណៈកម្មការផ្គត់ផ្គង់ ការបរទេសនៃក្រសួងការបរទេស (MFA) លោកបណ្ឌិត បានលើកឡើងថា ការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាក្តីកង្វល់យ៉ាងខ្លាំង ចំពោះប្រទេសសិង្ហបុរី និងក្រុមគ្រួសារនៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

លោកវេជ្ជបណ្ឌិត Balakrishnan បានបន្ថែមថា“ អាទិភាពបន្ទាន់គឺបញ្ឈប់រាល់អំពើហឹង្សា និងការប្រើប្រាស់កម្លាំងដ៍សាហាវ និងដើម្បីឈានជើងចេញពី ស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅៗ” ។

លោកបានលើកឡើងពី ការកើនឡើងនូវអំពើហឹង្សា យ៉ាងសំខាន់កាលពីថ្ងៃអាទិត្យ នៅទូទាំងទីក្រុងនានា ក្នុងប្រទេសមីយ៉ាន់ម៉ា។ “កងកម្លាំងសន្តិសុខបានបាញ់ទៅលើជនស៊ីវិល ដោយគ្រាប់កាំភ្លើងកៅស៊ូ គ្រាប់បែកដៃ និងឧស្ម័នបង្ហូរទឹកភ្នែក ហើយការស្លាប់ និងរបួសជាច្រើនបានកើតឡើង” ៕

ដោយ ឈូក បូរ៉ា

To Top