ព័ត៌មានអន្តរជាតិ

តួកគី បញ្ជាឲ្យឃុំខ្លួន មនុស្ស ១០៨នាក់ ដែលសង្ស័យថា ជាប់ទាក់ទង និងនៅពីក្រោយ រដ្ឋប្រហារ

អង់ការ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋអាជ្ញាតួកគីនៅថ្ងៃអង្គារនេះបានបញ្ជាឱ្យឃុំខ្លួនមនុស្សសរុបចំនួន ១០៨ នាក់ដែលជាប់ទាក់ទងហើយគេជឿជាក់ថា ស្ថិតនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងឆ្នាំ២០១៦ ។

ទីភ្នាក់ងារ Anadolu ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ប្រតិបត្តិការត្រូវបានអនុវត្តដោយក្រុមប្រឆាំងភេរវកម្មនៅក្នុងខេត្តជាច្រើនដើម្បីចាប់ជន សង្ស័យតាមបញ្ជារបស់រដ្ឋអាជ្ញានៅទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ុល។

រដ្ឋអាជ្ញាបានចោទប្រកាន់ជនសង្ស័យ ២៤ នាក់ពីបទទាក់ទងសមាជិកនៃបណ្តាញ ដែលដឹកនាំដោយបព្វជិតតួកគី ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen តាមរយៈទូរស័ព្ទ។

របាយការណ៍នោះបានបន្ថែមទៀតថា ក្នុងចំណោមជន សង្ស័យទាំងនោះមានវរសេនីយ៍ឯក ដែលមានមុខងារជាវរៈសេនីយ៍ឯកមន្រ្តីដែលត្រូវ បានបណ្តេញចេញពីជួរយោធា និងជាវរសេនីយ៍ឯក ដែលចូលនិវត្តន៍។

ជាមួយគ្នានេះដែរជនសង្ស័យចំនួន ៤០ នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានចោទប្រកាន់ពីបទផ្តល់ជំនួយហិរញ្ញវត្ថុដល់ក្រុមនិង ៤៤ នាក់ផ្សេងទៀតមានជាប់ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធរបស់ក្រុមនៅក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ។

សេចក្តីរាយការណ៍ឲ្យដឹងថា រហូតមកដល់ពេលនេះ ពួកគេ ៥៣ នាក់ត្រូវបានឃុំខ្លួនហើយប្រតិបត្ដិការកំពុងតាមចាប់ អ្នកដែលនៅសេសសល់។

រដ្ឋាភិបាលតួកគី ស្តីបន្ទោសលោក Gulen និងបណ្តាញរបស់លោក ចំពោះការធ្វើជាមេក្លោងក្នុងការដឹកនាំធ្វើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ ២០១៦ ដែលក្នុងនោះមនុស្ស ២៥០ នាក់ត្រូវបានសម្លាប់ហើយបានជំរុញឱ្យធ្វើបត្យាប័នរបស់លោក៕ដោយ ឈូក បូរ៉ា

To Top