ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅអង់គ្លេស កើនឡើងដល់ជាង ១២ម៉ឺននាក់ និង ឆ្លងសរុបជាង ៤លាននាក់

ឡុងដ៌ ៖ មនុស្ស ៦,៣៨៥ នាក់ផ្សេងទៀត នៅក្នុងប្រទេសអង់គ្លេស បានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសកូវីដ- ១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសឆ្លង សរុបនៅក្នុងប្រទេសកើនដល់ ៤,១៩៤,៧៨៥នាក់ និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអង់គ្លេសកើនឡើងដល់ជាង ១២ម៉ឺននាក់។

ប្រទេសនេះក៏បានរាយការណ៍ផងដែរ អំពីការស្លាប់ទាក់ទងនឹងជំងឺឆ្លងចំនួន ៣១៥ នាក់បន្ថែមទៀត ដែលធ្វើឱ្យ ចំនួនអ្នកស្លាប់ដល់ ១២៣,៧៨៣ នាក់។ តួលេខទាំងនេះរាប់បញ្ចូលតែការស្លាប់ របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមាន លើកដំបូងរបស់ពួកគេប៉ុណ្ណោះ។

តួលេខថ្មីនេះបានកើតឡើង នៅពេលដែលមនុស្សជាង ២០,៧ លាននាក់នៅក្នុងចក្រភពអង់គ្លេស ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងគេ។ ទន្ទឹមនឹងនេះចំនួនអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ ក្នុងប្រទេសអង់គ្លេស បានធ្លាក់ចុះក្រោម ១ ម៉ឺននាក់ កាលពីថ្ងៃពុធជាលើកដំបូង ចាប់តាំងពីខែវិច្ឆិកា នេះបើយោងតាមតួលេខពីសេវាសុខភាពជាតិ (NHS) អង់គ្លេស។

ការសិក្សា របស់ចក្រភពអង់គ្លេស បានបង្ហាញថាវ៉ាក់សាំង Pfizer-BioNTech ឬ AstraZeneca មួយដូសជួយកាត់បន្ថយហានិភ័យ នៃការចូលមន្ទីរ ពេទ្យជាពិសេស ក្នុងចំនោមមនុស្ស ដែលមានអាយុ ៨០ ឆ្នាំ ដែលមានជំងឺដទៃទៀត។

ប្រធានស៊ើបអង្កេត នៃការសិក្សា AvonCAP នៅសាកលវិទ្យាល័យ Bristol បានលើកឡើងថា“ លទ្ធផលដំបូងទាំងនេះបង្ហាញថា កម្មវិធីវ៉ាក់សាំង របស់ចក្រភពអង់គ្លេស លើជំងឺកូវីដ- ១៩ កំពុងដំណើរការល្អប្រសើរជាងអ្វី ដែលយើងរំពឹងទុកទៅទៀត”៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×