ព័ត៌មានអន្តរជាតិ

មហាសន្និបាតប្រចាំឆ្នាំ នៃស្ថាប័នសិទ្ធិអំណាចកំពូលរបស់ចិន បើកធ្វើនៅក្រុងប៉េកាំង ដោយកំណត់មាគ៌ាអភិវឌ្ឍន៍ របស់ចិននាពេលអនាគត

ថ្ងៃទី៥ ខែមីនា កិច្ចប្រជុំលើកទី៤ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៣ បានបើកធ្វើនៅក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជាលោកស៊ី ជីនភីង ជាដើមនិងតំណាងប្រជាជនជិត ៣០០០ រូបបានអញ្ជើញចូលរួម ពិធីបើកមហាសន្និបាត ។ ឆ្នាំ២០២១នេះ ជាការចាប់ផ្តើមអនុវត្តផែនការ ៥ឆ្នាំ ទី១៤ ។

មជ្ឈដ្ឋានទូទៅយកចិត្តទុកដាក់ខ្លាំងលើបញ្ហាថា តើប្រទេសចិនដែលជិតនឹងចាប់ដំណើរថ្មី នៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយនឹងផ្តោតលើ ការអភិវឌ្ឍយ៉ាងដូចម្តេច ។

លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនបានថ្លែងរបាយការណ៍ ការងាររដ្ឋាភិបាលក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ ដោយបានបូកសរុបផ្លែផ្កា នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនក្នុងអំឡុងពេល ៥ ឆ្នាំកន្លងទៅ ព្រមនិងលើកឡើងនូវទិសដៅ និងភារកិច្ចសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនក្នុង អំឡុងពេលអនុវត្តផែនការ ៥ ឆ្នាំទី ១៤ ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សា ។

សូមបញ្ជាក់ថា របាយការណ៍ផែនការដែលពាក់ព័ន្ធ នឹងជីវភាពរស់នៅរបស់ប្រជាជន និងរដ្ឋ និងរបាយការណ៍ថវិកាជាតិក៏បានដាក់ ជូនអង្គប្រជុំក្នុងពិធីបើកមហាសន្និបាតផងដែរ ។ លើសពីនេះទៅទៀត កិច្ចប្រជុំនេះនឹងធ្វើការពិនិត្យពិភាក្សា អំពីសេចក្តីព្រាងច្បាប់នៃការធ្វើវិសោធនកម្ម លើច្បាប់រៀបចំចាត់ចែងនៃសភា តំណាងប្រជាជនទូទាំងប្រទេសចិន និងសេចក្តីព្រាងច្បាប់នៃ ការធ្វើវិសោធនកម្មលើលក្ខន្តិកៈ ពិនិត្យពិភាក្សាការងារនៃសភា តំណាងប្រជាជនទូទាំងប្រទេសចិនផងដែរ សេចក្តីព្រាងច្បាប់ទាំងពីរនេះ នឹងធ្វើឱ្យមានសុក្រឹតភាពថែមទៀតនូវ របបសភាតំណាងប្រជាជនដែលជា របបនយោបាយមូលដ្ឋានរបស់ប្រទេសចិន ។

កិច្ចប្រជុំក៏នឹងធ្វើការពិនិត្យពិភាក្សាអំពី «សេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្ត នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ស្តីពីការធ្វើឱ្យមានសុក្រឹតភាពនូវ របបបោះឆ្នោតនៅតំបន់ រដ្ឋបាលពិសេសហុងកុង» ជាដើម ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top