ព័ត៌មានអន្តរជាតិ

ប្រេសិតកូរ៉េខាងត្បូង សង្ឃឹមបញ្ចប់កិច្ចពិភាក្សាគ្នា ជាមួយអាមេរិកស្តីពី ការចំណាយលើយោធា

បរទេស៖ ប្រសិតកូរ៉េខាងត្បូងនៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូង កំពុងតែស្វះស្វែងបញ្ចប់ការ ខ្វែងគំនិតគ្នាដែលនៅសេសសល់ និងចុះហត្ថលេខាមួយជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីការបែកចែកការចេញចំណាយ សម្រាប់ការដាក់កងទ័ពអាមេរិកចំនួន ២៨.៥០០នាក់ នៅកូរ៉េខាងត្បូង។

លោក Jeong Eun-bo បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅពេលលោកធ្វើដំណើរទៅ ដល់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាគ្នាផ្ទាល់លើកដំបូងជាមួយប្រេសិតអាមេរិក លោក Donna Welton ចាប់តាំងពីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់អំណាចក្នុងខែមករាមក ហើយលោកទាំងពីរ ធ្លាប់បានជួបគ្នាតាមវីដេអូខលលើកដំបូង កាលពីខែមុន។

កិច្ចចរចាគ្នាស្តីពីបញ្ហានេះ តាមសេចក្តីរាយការណ៍ ធ្លាប់បានជាប់គាំងក្រោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ច្រានចោលសំណើទីក្រុងសេអ៊ូល ដែលសុំបង់ប្រាក់ ១៣ភាគរយថែមទៀត សម្រាប់ចំនួនសរុបប្រហែល ១ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបានទាមទារចំនួនយ៉ាងច្រើនដល់ទៅ ៥ពាន់លានដុល្លារ។

នៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក Jeong Eun-bo បាននិយាយប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “មានបញ្ហានានា ដែលយើងកំពុងតែព្យាយាមដោះស្រាយ យ៉ាងច្រើនបំផុតតាមដែលអាចទៅរួច តាមរយៈកិច្ចប្រជុំទល់មុខគ្នា នាពេលខាងមុខនេះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top